(ពោធិ៍សាត់)៖ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១៧ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ដោយការចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ ស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក/ក្រុង និងឃុំ/សង្កាត់ ជាង២០០នាក់។
លោកឧត្តមសេនីយត្រី ហៀង ស៊ីថា ស្នងការរងនគរបាលខេត្ត បានជម្រាបជូនថា លទ្ធផលការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ប្រចាំឆមាសទី១ យើងបានអនុវត្ត ទៅតាមលក្ខណៈសម្បត្តិ ទាំង៧ចំណុចដោយធ្វើការផ្សព្វផ្សាយ បាន២៣០០លើក មានអ្នកចូលរួមជាង២៥២ពាន់នាក់ តាមរយៈវេទិកាសាធារណៈ ចំនួន១០៦១លើក អ្នកចូលរួមជាង៤២ពាន់នាក់ បានវិនិច្ឆ័យកំណត់ចំណាត់ ថ្នាក់ទាំង៤៩ឃុំ/សង្កាត់ គឺទទួលបានចំណាត់ថ្នាក់លេខ១ មាន២២ឃុំ សង្កាត់ លេខ២ ចំនួន២៤ឃុំ/សង្កាត់ និងលេខ៣ មាន៣ឃុំ/សង្កាត់។
បន្ទាប់ពីបទអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ស្រុកបាកាន និងក្រុងពោធិ៍សាត់ នោះរួចមក, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក សន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១៧ ត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានជម្រុញដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការតព្វកិច្ចចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងគាំទ្រដល់ការអភិវឌ្ឍន៍នានា ដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំអនុវត្ត ក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំទាំង២ បានលើកឡើងស្រដៀងគ្នាថា គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាកត្តាសំខាន់ណាស់ សម្រាប់បម្រើក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ប្រឹងប្រែងអនុវត្តឱ្យអស់សមត្ថភាព ដើម្បីផ្តល់នូវភាពកក់ក្តៅ មានទំនុកចិត្តខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋយើង។
លើសពីនេះត្រូវទប់ស្កាត់ជាបន្ទាន់ នូវរាល់ឧបាយកល់អាក្រក់ ដែលមានលក្ខណៈញុះញុង អុចអាល បំបែកបំបាក់ បោកបញ្ឆោត បំភ្លៃការពិតរបស់ក្រុមនិយមមួយក្តាប់តូច ដែលប៉ុនប៉ងបង្កើតសកម្មភាពនានា បង្កើតជាបដិវត្តព៌ណ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខ បំផ្លាញសន្តិភាព ស្ថេរភាពក្នុងសង្គម។ តាមរយៈនេះថ្នាក់ដឹកនាំទាំង២ សូមឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋយើងទាំងអស់ គឺជាកម្លាំងស្នូលនៅក្នុងមូលដ្ឋានក្នុងការរួមចំណេកថែរក្សាការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ កាត់បន្ថយបទល្មើសពីច្រើនទៅតិច និងពីតិចទៅតិចបំផុត។
ជាមួយគ្នានោះ សូមអរគុណសន្តិភាព និងសូមអរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំកម្ពុជាឱ្យមានសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឱ្យមានការរីកចម្រើនទៅអនាគត៕