(ភ្នំពេញ)៖ កិច្ចព្រមព្រៀងនៃការយោគយល់គ្នា (MoU) ស្តីអំពីការបណ្តុះបណ្តាលជំនាញ រវាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) តំណាងដោយ លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ ប្រធាន CPMEC និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដោយលោកបណ្ឌិត យ៉ោក សុទ្ធី នាយក NTTI ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលជំនាញផ្នែកកម្មករ សំណង់ ដោយមានការព្រមព្រៀងគ្នារវាង CPMEC និង NTTI ដូចខាងក្រោម៖
* CPMEC ទទួលបន្ទុកជ្រើសរើសជំនាញដែលត្រូវការបណ្តុះបណ្តាល, ជ្រើសរើសសិក្ខាកាមមកទទួលការបណ្តុះបណ្តាល, មធ្យោបាយធ្វើដំណើរទៅ-មក ពីកន្លែងស្នាក់នៅរបស់សិក្ខាកាម, ផ្តល់ប្រាក់ឧបត្ថម្ភដល់សិក្ខាកាម, ផ្តល់អាហារសម្រន់ និងអាហារតាមពេលសិក្សា, ផ្តល់លិខិតបញ្ជាក់ការសិក្សារួមពី CPMEC និង NTTI និងសហការជាមួយ NTTI រៀបចំវាយតម្លៃសិក្ខាកាមតាមយន្តការ ដែលបានកំណត់ក្នុងពេលបណ្តុះបណ្តាលដើម្បីសន្មតថា ជាប់ ឬធ្លាក់។
ចំណែកឯ NTTI ទទួលបន្ទុកផ្តល់កន្លែងបណ្តុះបណ្តាលសម្រាប់ដំណើរការវគ្គសិក្សា, រៀបចំកម្មវិធីបណ្តុះបណ្តាល វិធីសាស្ត្របង្រៀននិងរៀន គ្រូបង្គោលមានជំនាញច្បាស់លាស់តាមមុខវិជ្ជាជំនាញនីមួយៗ, ដាក់បទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថាន តាមថ្នាលបណ្តុះបណ្តាលជំនាញដែល CPMEC នឹងផ្តល់ជូន ដើម្បីឱ្យសិក្ខាកាមយកចិត្តទុកដាក់រៀនសូត្រ និង ស្រង់វត្តមានសិក្ខាកាម និងរាយការណ៍ដល់ CPMEC រៀងរាល់សប្តាហ៍នូវសិក្ខាកាមណាដែលបោះបង់ការសិក្សា ឬរាយការណ៍បន្ទាប់ពីសិក្ខាកាមណាអវត្តមានចំនួន ០៣ថ្ងៃជាប់គ្នា។
នាឱកាសនោះ លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ តាងនាមជាប្រធាន CPMEC បានបង្ហាញក្តីរីករាយ ដែលបានចុះអនុស្សាណៈយោគយល់គ្នា ជាមួយនឹងនាយកដ្ឋានវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងគោលបំណងធ្វើកិច្ចសហការដ៏សំខាន់។ លោកស្រី ក៏បានស្នើវិទ្យាស្ថាន ផ្ដល់នូវវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនមុខ ទៅតាមតម្រូវការរបស់សមាជិក សមាជិកា CPMEC ផងដែរ៕