(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានជំនឿថា ក្នុងពេលខាងមុខ ទាំងវិនិយោគជប៉ុន ក៏ជាដូចជាទេសចរជប៉ុន នៅក្នុងប្រទេសកម្ពុជា នឹងមានការ កើនឡើងបន្ថែមទៀត ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការងារជាមួយ ឯកអគ្គរដ្ឋទូតថ្មីនៅពេលចូលមក បំពេញភារកិច្ចបន្ត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ខណៈសម្តេចអនុញ្ញាតឲ្យ លោក Yuji Kummaru ឯកអគ្គរដ្ឋទូតជប៉ុនដែលនឹងចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជំរាបលា នៅវិមានសន្តិភាព នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
លោក Yuji Kummaru បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលក្នុងបេសកកម្មកន្លងមកនេះ លោកបានធ្វើការងារយ៉ាងច្រើន ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឈានដល់កំរិតមួយថ្មី។ លោក Yuji Kummaru បានបន្តថា កម្ពុជា-ជប៉ុនក៏បានភ្ជាប់ជើងហោះហើរត្រង់ពីតូក្យូ មកភ្នំពេញ នៅក្នុងអាណត្តិ បំពេញការទូតរបស់លោក ផងដែរ ។ លោកបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលតែងតែទទួលជួបប្រតិភូពីប្រទេសជប៉ុន រួមទាំងខាងរដ្ឋាភិបាលជប៉ុនក្តី និងអ្នកវិនិយោគក្តី ។
ក្រៅពីនេះ លោក បានជំរាបជូនសម្តេចតេជោថារាល់ការរីកចំរើនទាំងនេះ បានធ្វើឲ្យប្រទេសទាងពីរ ពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការបានកើនឡើងផងដែរ។ លោក Yuji Kummaru បាន អញ្ជើញសម្តេចតេជោ ហ៊ុន សែន ដើម្បីទៅចូលរួមក្នុងវេទិការអនាគតនៃអាស៊ីដែលរៀបចំនៅប្រទេសជប៉ុន ដែលរដ្ឋាភិបាលជប៉ុនចាត់ទុកថាវេទិការនេះ ដូចគ្នានឹងវេទិកាសេដ្ឋកិច្ចពិភពលោកដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវភាពរីករាយចំពោះការរីកចំរើនរវាងប្រទេសទាំងពីរទាំងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការហោះហើរត្រង់ មកភ្នំពេញផ្ទាល់ថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរីករាយផងដែរ ចំពោះការទស្សនកិច្ច នៃមេដឹកនាំប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមកនេះ៕