(ភ្នំពេញ)៖ ជាមួយការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃមោទនភាពវប្បធម៌ និងភាពជោគជ័យនៃការបញ្ចប់ការសិក្សា នៅអូស្ត្រាលីរបស់ខ្លួន និស្សិតអាហាររូបករណ៍អូស្ត្រាលី (Australia Awards) ចំនួន ៧នាក់ បានជួបជុំគ្នានៅប្រាសាទអង្គរវត្ត ដើម្បីថតរូបទទួលសញ្ញាបត្ររបស់ពួកគេ។

ពួកគេបានបញ្ចប់ការសិក្សារនៅប្រទេសអូស្ត្រាលី និងបាននាំយកចំណេះដឹង និងបទពិសោធយ៉ាងច្រើនមកបម្រើជាតិមាតុភូមិវិញ ហើយបានជ្រើសរើសទីតាំងដ៏ល្បីល្បាញបំផុតរបស់កម្ពុជា សម្រាប់ការថតរូប ទទួលសញ្ញាបត្ររបស់ពួកគេ។

រូបថតទាំងនេះជាការអបអរសាទរ ចំពោះសមិទ្ធផលរបស់គេ និងឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងការជ្រោមជ្រែងរបស់អាហាររូបករណ៍អូស្ត្រាលី ទៅលើភាពជោគជ័យនៃការសិក្សារបស់ពួកគេ ព្រមទាំងបង្ហាញពីការរួមចំណែក ក្នុងការលើកស្ទួយផ្សព្វផ្សាយប្រទេសកំណើររបស់ខ្លួនផងដែរ។

នៅក្រោមពន្លឺព្រះអាទិត្យដ៏ចែងចាំង និស្សិតទាំងប្រាំពីររូបនេះបានស្លៀកឯកសណ្ឋាន ទទួលសញ្ញាបត្រសម័យទំនើប ហើយ រួមបញ្ចូលជាមួយសម្លៀកបំពាក់បុរាណដ៏ស្រស់ស្អាតរបស់ខ្លួន ដើម្បីថតរូបនៅមុខប្រាសាទអង្គរវត្តដ៏អស្ចារ្យ បង្កើតបានជារូបភាព ដែលតំណាងឱ្យ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

«រូបថតទទួលសញ្ញាបត្រនៅមុខអង្គរវត្ត គឺហាក់ដូចជាស្ថិតនៅក្នុងពិភពមួយផ្សេងទៀត។ ខ្ញុំក៏ដូចជាមិត្តភក្តិផ្សេងទៀត គឺមានមោទនភាពយ៉ាងក្រៃលែង ដែលបានឈរនៅមុខប្រាសាទប្រវត្តិសាស្រ្ត របស់អាណាចក្រខ្មែរ ជាមួយនឹងសមិទ្ធិផលសិក្សារបស់ខ្ញុំ។ ខ្ញុំនឹងប្រើប្រាស់ចំណេះដឹងរបស់ខ្ញុំ ដើម្បីជាប្រយោជន៍របស់ប្រទេសកម្ពុជា»។ នេះជាការលើកឡើងរបស់កញ្ញា សេង ច័ន្ទសិរីពេជ្រ និស្សិតបរិញ្ញាបត្រ ជាន់ខ្ពស់ជំនាញទំនាក់ទំនងឌីជីថល នៃសាកលវិទ្យាល័យបច្ចេកវិទ្យារដ្ឋឃ្វីន្សស្លែន។

ព្រឹត្តិការណ៍ដែលក្រុមនិស្សិតនេះ បានហៅឈ្មោះថា «ការថតរូបបញ្ចប់ការសិក្សា ដើម្បីផ្សព្វផ្សាយព្រះរាជាណាចក្រអច្ឆរិយ» គឺជា ផ្នែកមួយនៃការខិតខំប្រឹងប្រែង ដើម្បីបង្ហាញទេសភាពទាក់ទាញរបស់កម្ពុជាដល់ភ្ញៀវជាតិ និងអន្តរជាតិ។

កញ្ញា វុទ្ធី វ៉ីកធរី និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាញសិក្សាសន្តិភាព និងទំនាស់ នៃសាកលវិទ្យាល័យរដ្ឋឃ្វីន្សស្លែន បានថ្លែងថា «យើងសង្ឃឹមថា រូបភាពទាំងនេះ នឹងត្រូវបានចែករំលែកយ៉ាងទូលំទូលាយ ក្នុងចំណោមមិត្តភក្តិ និងបណ្តាញទំនាក់ទំនងរបស់យើងនៅប្រទេស អូស្ត្រាលី និងនៅទូទាំងពិភពលោក។ បណ្តាញសង្គមភាគច្រើនបានបង្ហាញរូបភាពអវិជ្ជមានជាច្រើន។ ពួកយើងត្រូវការរូបភាព ស្រស់ស្អាត និងរូបភាពលើកទឹកចិត្តបែបនេះ ឲ្យបានច្រើនស្តីពីប្រទេសកម្ពុជាយើងនៅលើបណ្តាញសង្គម»។

ក្រុមនិស្សិតទាំងនេះ បាននាំគម្រោងនេះ ទៅឆាកអន្តរជាតិរួចទៅហើយ ដោយពួកគេបានបញ្ចុះបញ្ចូលមិត្តភក្តិអន្តរជាតិ ដែលមកពី ប្រទេសឥណ្ឌា និងហុងកុងឲ្យចូលរួមនៅក្នុងការថតរូបនេះ។

និស្សិត ជឿង ហិនឡុង (ហ្គោដិន) សិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញអភិបាលកិច្ច និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យរដ្ឋ ឃ្វីន្សស្លែន «ការចូលថតរូប និងមកទស្សនាអង្គរវត្តក្នុងនាមជាមិត្តភក្តិ និង ភ្ញៀវ មកពីហុងកុង ខ្ញុំគឺហាក់ដូចជាត្រូវវេទមន្តនៃវប្បធម៌ដ៏ល្អ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់កម្ពុជាអញ្ចឹង។ បរិយាកាសដ៏អស្ចារ្យនេះ រួមគ្នានឹង ស្ថាបត្យកម្មដែលបានរក្សាទុកប្រកបដោយជំនាញ បង្កើតជាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាននោះទេ»។

នេះមិនមែនត្រឹមតែជាការថតរូបទទួលសញ្ញាបត្រទេ តែវាជាវិធីដ៏មានភាពច្នៃប្រឌិត សម្រាប់សិស្សនិស្សិតក្នុងការដឹងគុណ និងផ្តល់ ជូននូវប្រយោជន៍ដល់មាតុប្រទេសខ្លួនវិញ និងរួមចំណែកដើម្បីផ្សព្វផ្សាយកម្ពុជាឱ្យក្លាយ ជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយនៅ ឆាកអន្តរជាតិ។

ការប្តេជ្ញារបស់និស្សិតទាំងនោះ ក្នុងការគាំទ្រឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ជាពិសេសនៅសៀមរាប គឺជាកិច្ចការគួរឱ្យកោតសរសើរ។ ពួកគេឃើញថាវាជាឱកាសមួយ ដើម្បីលើកទឹកចិត្ត ឱ្យមិត្តភក្តិបរទេស របស់ពួកគេមកទស្សនា ប្រទេសកម្ពុជា ហើយកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេគួរទទួលបានការគាំទ្រ និងចូលរួមជ្រោមជ្រែង។

លោក ណាង នរាសភ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាញអភិបាលកិច្ច និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យរដ្ឋឃ្វីន្សស្លែន បាននិយាយថា «ខ្ញុំសប្បាយចិត្តដែលបានត្រឡប់មកប្រទេសកម្ពុជារបស់ខ្ញុំវិញ និងសង្ឃឹមថាប្រើប្រាស់ចំណេះដឹងដែល ខ្ញុំបានរៀននៅអូស្ត្រាលីដើម្បីជាប្រយោជន៍ ជាតិមាតុភូមិ។ ការចែករំលែករូបថតបញ្ចប់ការសិក្សារបស់យើង នៅអង្គរវត្តដ៏ល្បីល្បាញនេះ គឺជាពិសេសសម្រាប់មិត្តភក្តិ របស់ខ្ញុំនៅបរទេស និងមនុស្សទូទាំងពិភពលោក។ ទោះបីជាមិនអាចបង្ហាញសោភ័ណភាពកម្ពុជាទាំងស្រុងក៏ដោយ ខ្ញុំសង្ឃឹមថា វាគឺជាការទាក់ទាញនូវសម្រស់ដ៏ស្រស់ស្អាត និងកេរដំណែលដែលអង្គរវត្ត និងប្រទេសយើងមានបានមួយផ្នែក»

គំនិតផ្តួចផ្តើមរបស់និស្សិតទាំងនេះ បានឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងរបស់យុវជនខ្មែរ ដែលប្រើប្រាស់បទពិសោធន៍ និងបណ្តាញ ទំនាក់ទំនងអន្តរជាតិរបស់ពួកគេ ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។ ដោយការជ្រើសរើស យកអង្គរវត្តជាទិសដៅសម្រាប់ការថតរូប ទទួលសញ្ញាបត្របញ្ចប់ការសិក្សារបស់ពួកគេ ពួកគេមិនត្រឹមតែគោរពដឹងគុណដល់កេរ ដំណែលបុព្វបុរសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សព្វផ្សាយឱ្យកម្ពុជាក្លាយជាទិសដៅឈានមុខគេ សម្រាប់ទេសចរណ៍អន្តរជាតិ ថែមទៀតផង។ ការប្តេជ្ញារបស់ពួកគេក្នុងការរួមចំណែក ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា គឺជាប្រភពនៃក្តីសង្ឃឹម និងសុទិដ្ឋិនិយម សម្រាប់អនាគតកម្ពុជា។

លោក ងួន វណ្ណដេត និស្សិតបរិញ្ញាបត្រ ជាន់ខ្ពស់ ជំនាញពន្ធដារអន្តរជាតិ នៃសាកលវិទ្យាល័យមែលប៊ន បាននិយាយថា «វាគឺជាការរួមបញ្ចូលគ្នានៃចំណេះដឹង សកលជាមួយនឹងវប្បធម៌ដ៏សម្បូរបែបរបស់យើង ដើម្បីបង្កើតអនាគតដ៏រុងរឿងសម្រាប់កម្ពុជា ដូចដែលបញ្ញវន្តទាំងអស់កំពុងរួមចំណែកដើម្បីអភិវឌ្ឍប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ»

ក្រុមនេះសង្ឃឹមថា និស្សិតកម្ពុជាកាន់តែច្រើនឡើងនឹងប្រើប្រាស់ពិធីទទួលសញ្ញាបត្របញ្ចប់ ការសិក្សារបស់ពួកគេជាឱកាសមួយ ដើម្បីបង្ហាញការដឹងគុណដល់មាតុភូមិរបស់ខ្លួន និងបង្កើតទំលាប់នៃការថតរូបបញ្ចប់ការសិក្សា នៅប្រាសាទអង្គរវត្ត និងតំបន់ ទេសចរណ៍ផ្សេងទៀតក្នុងប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយព្រះរាជាណាចក្រអច្ឆរិយរបស់ខ្លួន។

លោក គុជ ភារុន និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងឌីជីថល នៃសាកលវិទ្យាល័យបច្ចេកវិទ្យារដ្ឋ ឃ្វីន្សស្លែន បាននិយាយថា «សាកស្រមៃទៅមើលប្រសិន បើគម្រោងថតរូបបញ្ចប់ការសិក្សាបែបនេះ បានក្លាយទៅជាទំលាប់ដ៏ទូលំទូលាយមួយ។ ប្រសិនបើ សិស្សនិស្សិត គ្រប់គ្នាដែលបានសិក្សានៅបរទេសត្រឡប់មកស្រុកកំណើតរបស់ពួកគេ សម្រាប់ការថតរូបបញ្ចប់ការសិក្សានៅ រមណីយដ្ឋានទាក់ទាញទេសចរណ៍របស់កម្ពុជា នោះវានឹងក្លាយជាវិធីសាស្ត្រដ៏ប្រសើរមួយ ក្នុងការប្រារព្ធភាពជោគជ័យនៃ ការសិក្សារបស់ខ្លួន និងជាចលករជំនួយដ៏ពិសេសដល់ការផ្សព្វផ្សាយ និងកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជាដល់មនុស្សរាប់លាននាក់ លើឆាកអន្តរជាតិ»