(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ បានស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ និងបានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេស ក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។
របាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្រោយទទួលបានបទបញ្ជាភ្លាម, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការគ្នា ស៊ើបអង្កេតស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំង៣នាក់ រហូតឈានដល់ការឃាត់ខ្លួន រួចបញ្ជូនទៅតុលាការ ក្រោមការសម្របសម្រួលពព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣រូប បានសារភាពថា ខ្លួនពិតជាបានបង្កើតក្រុមបំផុលបំផុលផ្តល់បច្ចេកទេសចូលរួមក្នុងចលនាប្រឆាំងគម្រោង CLV-DTA និងព្យាយាមវាយប្រហារ មកលើគេហទំព័ររបស់ស្ថាប័នរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន ហើយបច្ចុប្បន្នសំណុំរឿង និងជនសង្ស័យទាំង០៣រូបនេះ ត្រូវបានប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់បច្ចេកទេស (DDoS) ដើម្បីធ្វើការវាយប្រហាររំខានដល់ដំណើរការគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័ន រាជរដ្ឋាភិបាលមួយចំនួន ប៉ុន្តែមិនមានការជ្រៀតចូល ឬប៉ះពាល់ដល់ទិន្នន័យណាមួយនោះទេ។
បន្ទាប់ពីកើតហេតុភ្លាមៗ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកឌីជីថល និងផ្សព្វផ្សាយអប់រំ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត ក្រោមការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ ស.គ.ហ មុខរបរសិស្ស
*ទី២៖ ឈ្មោះ ថ.ស.រ.ព មុខរបរសិស្ស
*ទី៣៖ ឈ្មោះ ល.ម.ឃ មុខរបរសិស្ស។
បន្ទាប់ពីសមត្ថកិច្ចបានសាកសួរជនសង្ស័យទាំង០៣រូបខាងលើរួចមក, ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាម មានឈ្មោះ «Victim Leaked Cambodia VLC» ដើម្បីប្រើប្រាស់បំផុសបំផុល ការចូលរួមវាយប្រហារ (DDoS) ទៅលើគេហទំព័ររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទូទៅ ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយប្រើប្រាស់ប្រកប ដោយទំនួលខុសត្រូវ និងពិនិត្យពិចារណារលើខ្លឹមសារ ប្រភពឲ្យបានច្បាស់លាស់មុនពេលបញ្ចេញមតិយោបល់ ឬចែករំលែកដែលអាចផ្តល់ផលបះពាល់ដល់សិទ្ធអ្នកដទៃ ស្ថេរភាពសង្គម ព្រមទាំងអាចពាក់ព័ន្ធនឹងទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ៕