(ភ្នំពេញ)៖ កូនក្រពើភ្នំ ឬហៅថាក្រពើត្រី ដែលជាសត្វកម្របំផុតមួយក្នុងលោកត្រូវបានអ្នកជំនាញធ្វើការភ្ញាស់យ៉ាងជោគជ័យចំនួន១៤ក្បាល នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញក្តីរំភើបរីករាយបន្ទាប់ពីក្រពើភ្នំរបស់ពួកគេញាស់កូនបាន ១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើង បានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។ កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសម្បុកមួយ ក្នុងចំណោមសម្បុកចំនួន៥ ខណៈដែលសម្បុកចំនួន៤ទៀត មិនបានជោគជ័យនោះទេ។
ទីភ្នាក់ងារជំនួយអាមេរិក USAID បានបន្ថែមថា ដែនជម្រកសត្វព្រៃសៀមប៉ាងក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះតាំងពីដើមមកដែរ។ ដោយសារតែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលគ្មាននិរន្តរភាពបានធ្វើឱ្យចំនួន របស់ក្រពើភ្នំបានថយចុះយ៉ាងខ្លាំង។ ហើយការស្រាវជ្រាវថ្មីៗមិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ពីវត្តមានរបស់ពួកវានៅទីនេះបន្តទៀតនោះទេ។
គួរបញ្ជាក់ថា ក្រពើភ្នំ គឺជាប្រភេទសត្វក្រពើទឹកសាប ដែលមានប្រភពកំណើតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ព្រុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។ នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ២០០០។
ដើម្បីជួយទប់ស្កាត់ប្រភេទសត្វជិតផុតពូជបំផុតមួយនេះពីការផុតពូជ USAID មរតកបៃតង និងដៃគូអភិរក្ស Rising Phoenix បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សមួយកាលពីឆ្នាំទៅ ដោយបាននាំយកសត្វក្រពើភ្នំចំនួន ២២ក្បាល ចូលទៅក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃសៀមប៉ាងឡើងវិញ។ ពិធីលែងក្រពើភ្នំចូលក្នុងតំបន់អភិរក្សនេះ ត្រូវបានរៀបចំដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត រដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន សហគមន៍ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។ ព្រឹត្តិការណ៍នេះក៏បានលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ក្រពើភ្នំនៅក្នុងប្រព័ន្ធអេកូឡូស៊ី និងសារសំខាន់នៃការអភិរក្សជីវចម្រុះដល់ប្រជាជនក្នុងតំបន់ផងដែរ។
ក្រពើភ្នំដែលលែងទាំងអស់ត្រូវបានគេធ្វើតេស្តហ្សែនជាមុន ដើម្បីធ្វើឱ្យប្រាកដថាវាជាពូជក្រពើភ្នំសុទ្ធ ខុសពីប្រភេទសត្វក្រពើដទៃ។ ពូជក្រពើភ្នំសុទ្ធមិនត្រូវបានគេរកឃើញថាមានភាពកាចសាហាវដាក់មនុស្សនោះទេ។ ចូលរួមជាមួយយើងដើម្បីការពារ និងស្តារប្រភេទសត្វជិតផុតពូជ ដូចជាក្រពើភ្នំនេះឡើងវិញ! រាល់សកម្មភាពចូលរួមរបស់អ្នក គឺពិតជាមានតម្លៃសម្រាប់ការអភិរក្សសត្វព្រៃរបស់យើងកុំឱ្យផុតពូជ៕