(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានបង្ហាញលទ្ធនៃកិច្ចប្រជុំលើកទី៥នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឥណ្ឌូណេស៊ី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានអង្គប្រជុំជាមួយ លោកស្រី Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
ភាគីទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពជារួមក្នុងវិស័យនានាចាប់តាំងពីកិច្ចប្រជុំ JCBC កម្ពុជា-ឥណ្ឌូណេស៊ី លើកចុងក្រោយ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានអបអរសាទរចំពោះសកម្មភាពរួមគ្នានានាជាច្រើន ដែលរៀបចំឡើងដើម្បីរលឹកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូណេស៊ី នាឆ្នាំនេះ។
រដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សា និងលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នៅគ្រប់លំដាប់ថា្នក់ និងបានគូសបញ្ជាក់ពីសារសំខាន់ជាយុទ្ធសាស្ត្រនៃការប្រាស្រ័យទាក់ទងក្នុងចំណោមថ្នាក់ដឹកនាំកំពូល រួមទាំងជំនួបនាពេលថ្មីៗចំនួន២លើក រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ចូកូ វីដូដូ នៅទីក្រុងហ្សាការតា នៅឆ្នាំ២០២៣ និងនៅទីក្រុងម៉ែលប៊ន នៅឆ្នាំនេះ៕
ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី៖