(ភ្នំពេញ)៖ ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរខណ្ឌ-សង្កាត់ និងវិស័យឯកជន, លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួល អំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ (អំពូលភ្លើងសូឡា) និងបន្តចែកដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន១៣២គ្រួសារ មកពីភូមិរបោះអង្កាញ់ និងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីតំណាងក្រុមហ៊ុន ហិនណឺគែន ខេមបូឌា ដែលបានឧបត្ថម្ភអំពូលភ្លើង ប្រើពន្លឺព្រះអាទិត្យ ចំនួន៨០ដើម និងផ្តល់ជាអំណោយសម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១៣២ គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម មីមួយកេស ឃីតកញ្ចប់ ។
បន្ទាប់ពីទទួលបានអំពូលភ្លើង ប្រើពន្លឺព្រះអាទិត្យ សម្រាប់បំភ្លឺផ្លូវនៅក្នុងមូលដ្ឋានសង្កាត់ព្រែកឯងរួចមក លោក ចេង មុនីរ៉ា បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ពិតណាស់ថា ក្រុមហ៊ុនមិនអាចធ្វើការជំនួស អាជ្ញាធរសាធារណៈបានទេ ប៉ុន្តែក្រុមហ៊ុនជាផ្នែកមួយចូលរួមជាមួយអាជ្ញាធរសាធារណៈ ជាពិសេសអាជ្ញាធរមូលដ្ឋានរបស់យើង ដើម្បីកាត់បន្ថយនូវការលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការជួយជាគ្រឿងឧបភោគ បរិភោគ អាចជួយកាត់បន្ថយនូវភាពអសកម្មផ្សេងៗ នៅក្នុងមូលដ្ឋាន ធ្វើអោយជនខិលខូចមិនហ៊ានធ្វើសកម្មភាព ក្រោយពេលដាក់ភ្លើងបំភ្លឺផ្លូវនេះ គឺជាការចូលរួមចំណែករបស់វិស័យឯកជន ។
លោកអភិបាលខណ្ឌបានបន្តថា កន្លងមកអាជ្ញាធរខណ្ឌតែងតែលើកទឹកចិត្តដល់អាជ្ញាធរសង្កាត់ ត្រូវធ្វើកិច្ចសហការអោយបានល្អជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមហ៊ុន ដល់អង្កការ សមាគមន៍ ឬសប្បុរសជន អាចនឹងផ្តល់ការតបស្នងមកវិញ ចំពោះអាជ្ញាធរមូលដ្ឋានរបស់យើង តាមរយៈការជួយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ ថវិកា និងការចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ថារចនាសម្ព័ន្ធផ្សេងៗ ។
លោកអភិបាលខណ្ឌ បានបន្ថែមថា ចំពោះបងប្អូនដែលមកទទួលអំណោយនៅថ្ងៃនេះ គ្រប់គ្នាប្រាកដជាមានប័ណ្ណមូលនិធិសមធម៍ ប័ណ្ណនេះពិតជាមានតំលៃសម្រាប់ប្រើប្រាស់នៅក្នុងក្រុមគ្រួសារ ពេលទៅពិនិត្យ ព្យាបាលជំងឺគឺមិនអស់ប្រាក់ទេ ថែមទាំងទទួលបានសាច់ប្រាក់សុទ្ធទៀត នេះជានយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
នៅចុងក្រោយ លោកអភិបាល ក៏បានថ្លែងអំណរគុណដល់សបវិស័យឯកជន ដែលកន្លងមកតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់អាជ្ញាធរខណ្ឌ-សង្កាត់ ហើយសង្ឃឹមថា ក្រុមហ៊ុន និងបន្តជួយឧបត្ថម្ភថែមទៀត ៕