(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់តំណែងអភិបាលស្រុកជ័យសែន ខេត្តព្រះវិហារ ដោយលោក យក់ សំភឿង អតីតអភិបាលរងស្រុកសង្គមថ្មី ជំនួសលោក រស់ ហេង ដែលចូលនិវត្តន៍ និងជាប់ជាសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ។

ពិធីនេះក៏មានការចូលរួម​ពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ទូទាំងស្រុកជ័យសែន ជាច្រើនរូបទៀត។

ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានចូលរួមអបអរសាទរចំពោះលោក យក់ សំភឿង អតីតអភិបាលរងស្រុកសង្គមថ្មី ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវសេចក្តីទុកចិត្ត តែងតាំងមុខតំណែងជាអភិបាលស្រុកជ័យសែន ជំនួសលោក រស់ ហេង ដែលចូលនិវត្តន៍ និងជាប់ជាសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ។

នាឱកាសនោះលោក គីម រិទ្ធី បានលើកឡើង និងបញ្ជាក់ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋពីសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តមរតកដឹកនាំពីសម្តេចតេជោ ហ៊ុន សែន បានបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះសម្រឹចបានសមិទ្ធិផលធំៗរួមមាន៖

* បានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគន្លឹះអាទិភាពចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងអភិក្រមទាំង៥គឺ៖ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

* បានដាក់ចេញនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការបម្រើផលប្រយោជន៍វិស័យសេដ្ឋកិច្ច សង្គម ការដឹកជញ្ជូន វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យជាអាទិភាពជាច្រើនទៀត ព្រមទាំងបានបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅមុខ។

* បានដាក់ចេញនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ដើម្បីតភ្ជាប់នូវពាណិជ្ជកម្ម និងបង្កើននូវកសិពាណិជ្ជកម្ម ត្រីភាគី សំដៅលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាពិសេសគឺកាត់បន្ថយគម្លាតសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងខេត្តតំបន់ដាច់ស្រយ៉ាល និងរាជធានី ខេត្តនៅទីប្រជុំជន។

* រក្សាការពារបានយ៉ាងគត់មត់នូវបូរណភាពទឹកដី អធិបតេយ្យជាតិ ជាពិសេសបានធ្វើការទប់ស្កាត់ទាន់ពេលវេលានូវការប៉ុនប៉ងធ្វើបដិវត្តពណ៌ ក្នុងការបង្កភាពវឹកវរ និងផ្តួលរំលំរាជរដ្ឋាភិបាល ពីក្រុមជ្រុលនិយមមួយក្តាប់តូច។

* រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ សុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃភាពសុខសាន្តរបស់ប្រជាជាតិទាំងមូល តាមរយះការលើកកម្ពស់ជាប្រចាំនូវចលនាមហាជន ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

* បានលើកកម្ពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល សេវាសង្គមជូនប្រជាពលរដ្ឋ និងធានាឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ដូចៗគ្នា ពីការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយបរិយាប័ន្ន និងសមធម៌។

* បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដើម្បីធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាក់ស្តែងចក្ខុវិស័យដ៍ត្រចះត្រចង់របស់រាជរដ្ឋាភិបាល គឺតម្លើងប្រាក់បៀវត្សប្រចាំខែជូនមន្ត្រីរាជការ កម្មករ និងនិយោជិត។

លោក គីម រិទ្ធី ក៏បានថ្លែងណែនាំដល់លោកអភិបាលស្រុកជ័យសែនថ្មី ត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព និងមានភាពទទួលខុសត្រូវខ្ពស់ ព្រមទាំងរៀបចំលក្ខណៈសម្បត្តិនានា ក្នុងនាមជាថ្នាក់ដឹកនាំ បន្តខិតខំសាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញក្នុងនាមជាថ្នាក់ដឹកនាំស្រុក ដើម្បីជួយការងាររដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធិភាព និងការអភិវឌ្ឍរីកចម្រើនថែមទៀត៕