(ទីក្រុងអ៊ីស៊ូ-ចិន)៖ ព្រឹត្តិការណ៍ «សប្តាហ៍រូបថត និងវីដេអូ អន្តរជាតិឡានឆាង-មេគង្គ ឆ្នាំ២០២៤ - Lancang-Mekong International Photo and Video Week 2024» បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីចំណាយពេលពេញមួយសប្តាហ៍ នៅលើទឹកដីនៃតំបន់ខ្ពង់រាបទីបេ ប្រភពដើមនៃប្រភពទឹកទន្លេមេគង្គ។
ដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍នេះ បានផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកថតរូប និងថតវីដេអូអាជីព បានឃើញដោយផ្ទាល់នូវសមិទ្ធផលអេកូឡូស៊ី និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ នៃប្រភពទឹកទន្លេមេគង្គ។
សម្រាប់សារព័ត៌មានមកពីកម្ពុជា រួមមាន៖ បណ្តាញព័ត៌មាន Fresh News, ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) និងសារព័ត៌មាន AMS ផងដែរ។
ពួកយើងបានចុះទៅមានសហគមន៍មូលដ្ឋាន ធ្វើការទំនាក់ទំនងជាមួយអ្នកស្រុក និងដើរគយគន់មើលទេសភាពដ៏ស្រស់ត្រកាល នៃអាងទន្លេឡានឆាង ស្វែងយល់ពីវប្បធម៌ និងប្រភពដើមនៃទន្លេមេគង្គក្នុងស្រុក Zaduo និងស្រុក Nangqian នៃក្រុងអ៉ីស៊ូ (Yushu)។
ជាមួយគ្នានេះ សម្រាប់ដំណើរទស្សនកិច្ចប្រព័ន្ធផ្សព្វផ្សាយ នៅស្រុក Nangqian នៃទីក្រុង Yushu អ្នកសារព័ត៌មានអាជីពមួយក្រុម មកពីបណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) បានជួបគ្នាពិភាក្សាគ្នា ក្នុងគោលបំណងចែករំលែកជំរុញកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីមធ្យោបាយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ទន្លេក្នុងតំបន់។
អំឡុងពិភាក្សាដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែសីហា ក្នុងតំបន់ Nangqian ក្រុមអ្នកសារព័ត៌មានបានផ្លាស់ប្តូរ ទស្សនៈយល់ឃើញអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុមអ្នកសារព័ត៌មានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃព័ត៌មានត្រឹមត្រូវ (ប្រឆាំងព័ត៌មានក្លែងក្លាយ-Fake News) និងមានតុល្យភាព ដើម្បី កសាងទំនុកចិត្ត និងការយល់ដឹងក្នុងចំណោមប្រទេសឡានឆាង-មេគង្គ។
លោក ប៉ា ជេដ្ឋា អគ្គនាយករងបណ្តាញព័ត៌មាន Fresh News និងប្រតិភូព័ត៌មានមកពីកម្ពុជាយល់ឃើញដូចគ្នា និងប្រតិភូមកពីប្រទេសថៃ និងឡាវ ដែលបានលើកឡើងថា ការចែករំលែកព័ត៌មាន គឺជាសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឡានឆាងមេគង្គម ជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
លោក ប៉ា ជេដ្ឋា បានលើកឡើងក្នុងកិច្ចពិភាក្សាថា «តាមរយៈការចែករំលែកព័ត៌មាន និងបទពិសោធន៍ យើងអាចលើកឡើងពីឱកាស និងបញ្ហាប្រឈម ក្នុងមហាអនុតំបន់ទន្លេឡានឆាង-មេគង្គ ហើយជម្រុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយ ដើម្បីធានាដល់ការអភិឌ្ឍ ប្រកបដោយចីរភាព និងផលប្រយោជន៍រួមគ្នា ពិសេសការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យបច្ចេកវិទ្យា AI»។
លោក ញ៉ែម សុផល ប្រធានការិយល័យព័ត៌មាន នៃសារព័ត៌មាន AMS បានគូសរំលេចពីតួនាទីយ៉ាងសំខាន់ របស់សារព័ត៌មាន ចំពោះការជំរុញកិច្ចសហប្រតិបត្តិការ LMC ។ លោកជំរុញឱ្យមានការបង្កើតនូវវេទិកាជួបជុំពិភាក្សាគ្នាជាប់ ជាប្រចាំដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។
លោកបញ្ជាក់ថា «យើងគួរបង្កើតឱ្យមានវេទិកា សន្និសីទសារព័ត៌មាន ឬសិក្ខាសាលាថ្នាក់តំបន់ ដែលជាឱកាសសម្រាប់អ្នកសារព័ត៌មាពិភាក្សាពីបញ្ហាប្រឈមផ្សេងៗ របស់តំបន់មេគង្គ-ឡានឆាង ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ល្អៗ និងស្វែករកដំណោះស្រាយរួមគ្នាបែបវិជ្ជមាន»។
ក្រុមអ្នកសារព័ត៌មានក៏បានពិភាក្សាអំពីសក្ដានុពលនៃប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងលើកកម្ពស់វប្បធម៌ចម្រុះ។ ពួកគេបានឯកភាពគ្នា លើតម្រូវការក្នុងការបង្កើតវេទិកាបន្ថែមទៀតសម្រាប់កិច្ចសហការ ដូចជាគម្រោងរាយការណ៍រួមគ្នា និងការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ។
ព្រឹត្តិការណ៍ Lancang-Mekong International Photo and Video Week 2024 ត្រូវបានរៀបចំរួមគ្នាដោយគណៈកម្មាធិការ នៃគណបក្សកុម្មុយនិស្តចិនប្រចាំទីក្រុង Yushu និង China News Service នៃខេត្ត Qinghai និងអង្គការផ្សេងទៀត ប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងទីក្រុង Yushu ខេត្ត Ginghai។
ព្រឹត្តិការណ៍នេះ មានគោលបំណងនាំយកប្រព័ន្ធផ្សព្វផ្សាយមកពីបណ្ដាប្រទេស LMC មកកាន់ទីក្រុង Yushu ដែលជាប្រភពដើមនៃទន្លេមេគង្គ ដើម្បីចែករំលែករឿងរ៉ាវ ផ្លាស់ប្តូរវប្បធម៌ ស្វែងយល់ពីវឌ្ឍនភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការការពារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ រួមចំណែក កសាងអនាគតរួមគ្នាសម្រាប់អាងទន្លេមេគង្គឡាងឆាង (Lancang-Mekong)៕