(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់សេវាសុខាភិបាលជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង។ ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីពេទ្យអន្តរជាតិ អរៀនដា ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកស្រី ពេជ សូរិយា អគ្គនាយិកា នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «តាមរយៈភាពជាដៃគូនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគាត់ នឹងមានលទ្ធភាពកាន់តែប្រសើរ ក្នុងការទទួលបានសេវាថែទាំសុខភាពដែលមានស្តង់ដារគុណភាពខ្ពស់។ អនុស្សរណៈយោគយល់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងចំពោះសុខភាព និងសុខុមាលភាពរបស់មន្ត្រីរាជការ ដែលមានសារៈសំខាន់ដើម្បីពួកគាត់អាចបំពេញមុខងារប្រកបដោយប្រសិទ្ធភាព»។
លោកស្រី អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានលើកឡើងថា៖ «មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានមោទនភាពចំពោះភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចសហការនេះមានគោលបំណងលើកកម្ពស់សេវាថែទាំសុខភាព និងជាជំហានសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់សេវាថែទាំសុខភាពឯកជនសម្រាប់មន្ត្រីរដ្ឋាភិបាល។ ចក្ខុវិស័យរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា គឺជួយដល់អ្នកជំងឺនៅកម្ពុជា ដោយផ្តល់ជូននូវជម្រើសនៃការព្យាបាលក្នុងស្រុកប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ ដោយកាត់បន្ថយភាពចាំបាច់ក្នុងការស្វែងរកសេវាសុខាភិបាលនៅក្រៅប្រទេស កាត់បន្ថយពេលវេលា ការធ្វើដំណើរ និងការចំណាយ»។
លោកស្រី អ្នកឧកញ៉ា បានបន្ថែមថា តាមរយៈការផ្តល់សេវាកម្មទាំងនេះ យើងកំពុងខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែល្អប្រសើរ និង ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាលោកស្រីបង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ។
ក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គណៈគ្រប់គ្រប់នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំដំណើរទស្សនកិច្ច ដោយបង្ហាញពីនាយកដ្ឋាន និងបរិក្ខាវេជ្ជសាស្ត្រនើបៗរបស់ខ្លួន។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យដ៏ទំនើបមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតលើការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ដល់អ្នកជំងឺកម្ពុជា និងជនបរទេស។ មន្ទីរពេទ្យបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងមានបុគ្គលិកជំនាញផ្នែកថែទាំសុខភាពដែលមានបទពិសោធន៍យូរឆ្នាំ។ សូមបញ្ជាក់ថា ; មន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្មដូចជា ផ្នែកសម្ភព រោគស្រ្តី ផ្នែកកុមារ ផ្នែកជំងឺទូទៅ ផ្នែកជំងឺលំបាកមានកូន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺធ្ងន់ធ្ងរ ផ្នែកទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកព្យាបាលទារកកំរិកធ្ងន់ ផ្នែកថតឆ្លុះរូបភាពវិជ្ជសាស្រ្ត ផ្នែកមន្ទីពិសោធន៍ ផ្នែកប្រឆាំងភាពចាស់ ផ្នែកអាហាររូបត្ថម ផ្នែកជម្ងឺបេះដូង ផ្នែកក្រពះពោះវៀន និងផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ!
ក្នុងឱកាសនោះ មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបង្ហាញ អំពីសេវាកម្មថ្មីមួយ ដែលត្រៀមដាក់ដំណើរជូនប្រជាពលរដ្ឋ នាថ្ងៃទី១៥ កញ្ញា ២០២៤ខាងមុននេះ គឺផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ។ ដោយមន្ទីរពេទ្យអន្តរជាតិអរៀនដា បានសហការជាមួយមន្ទីរពេទ្យ S-Spine and Nerve Hospital ដើម្បីព្យាបាលជូនលោកអ្នកដែលមានបញ្ហាឈឺចង្កេះ ឈឺរោយកញ្ចឹងក លៀនទ្រនាប់ ឌីសឆ្អឹងកង ឆ្អឹងកងជ្រួសគ្នា គៀបបណ្តូលខួរឆ្អឹង កង ក និងគៀបបណ្តូលខួរឆ្អឹងកង ចង្កេះ ដោយប្រើបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់ដោយបើកធំ បច្ចេកទេសចុងក្រោយបង្អាស់អាចជៀសវាងការវះកាត់ដោយបើកធំបាន។ បច្ចេកទេសថ្មីនេះព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុ នៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនអោយរួមចូលគ្នាវិញ។
មន្ទីរពេទ្យអន្តរជាតិអរៀនដា មានទីតាំងស្ថិតនៅ អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ការទំនាក់ទំនង: 078 233 789 ឬ 081 811 789 ៕