(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឱ្យសិស្សានុសិស្ស មិនត្រូវជឿលើការញុះញង់ជនអគតិមួយចំនួនតូច ដែលបង្កឲ្យអសន្តិសុខនៅក្នុងសង្គម ត្រូវជឿលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំកសាងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ មាតុភូមិនិងប្រជាពលរដ្ឋ មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ជាពិសេសជំរុញវិស័យអប់រំ ឲ្យឱ្យមានការរីកចម្រើន ព្រោះប្រទេសជាតិមួយ មានការអភិវឌ្ឍ ទាមទារធនធានមនុស្សមានចំណេះដឹងជាចម្បង។
ការអំពាវនាវនេះ នៅក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
លោកបានបន្ថែមថា រាជរដ្ឋាភិបាល បានធ្វើការកសាង និងកែទម្រង់នូវប្រពន្ធអប់រំ ឈានឆ្ពោះទៅកាន់គោលដៅ ក្នុងការបង្កើននូវធនធានមនុស្ស ដែលមានចំណេះដឹង ចំណេះធ្វើ និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍ ប្រទេសជាតិ រាជរដ្ឋាភិបាល បានរុញសាលារៀនឲ្យនៅជិត និងក្មួយៗ។ នេះជាការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ម៉ាង ស៊ីណេត បានឲ្យដឹងថា ប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ នៅសល់រយៈពេល៤៨ថ្ងៃទៀតនេះ។ ជាមួយនឹងការប្រឡងបាក់ឌុបខាងមុខនេះ អភិបាលខេត្ត បានលើកទឹកចិត្តឲ្យក្មួយៗខិតខំប្រឹងរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ។
លោក ម៉ាង ស៊ីណេត បានថ្លែងថា «ការប្រឡងទាមទារឲ្យយើងមានចំណេះវិជ្ជាចេញពីខ្លួនឯង ទើបក្មួយៗអាចប្រឡងជាប់បានល្អ, ថ្ងៃប្រឡងយើងត្រូវគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ វាជារឿងមួយសំខាន់ កាលណាយើងគ្រប់គ្រងអារម្មណ៍មិនបានល្អ ធ្វើឲ្យយើងបាត់ការចងចាំ និងត្រូវទៅដល់មណ្ឌលប្រឡងឲ្យបានមុនម៉ោង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអារម្មណ៍បានល្អ ទើបទទួលបានជោគជ័យ»។
លោកអភិបាលខេត្ត ក៏បានជំរុញឲ្យសិស្សានុសិស្ស ខិតខំរៀនសូត្រដើម្បីប្រលងជាប់ទាំងអស់គ្នា និងជាប់និទ្ទេស A ឱ្យបានកាន់តែច្រើន អាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្តផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនបំប៉នសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងនាពេលខាងមុខនេះផងដែរ៕