(ព្រះវិហារ)៖ ក្រុមស្ត្រីចំនួន១០នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២២ សីហា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីឃាត់ខ្លួនបានពេលកំពុងនាំគ្នាលេងល្បែងស៉ីសងខុសច្បាប់។
បើតាមលោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃនេះថា ស្ត្រីទាំង១០នាក់នេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការបង្ក្រាបករណីល្បែងស៉ីសងខុសច្បាប់មួយកន្លែង នៅចំណុចភ្នំរដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង។
លោកនាយការិយាល័យបានថ្លែងបញ្ជាក់បន្ថែមទៀតថា ការឈានឃាត់ខ្លួនក្រុមស្ត្រីលេងល្បែងស៉ីសងខុសច្បាប់ទាំង ១០នាក់នេះ គឺធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងមានការដឹកនាំផ្ទាល់ដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
លោកវរសេនីយ៍ឯក គង់ គា បានថ្លែងបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះក្រៅពីឃាត់ខ្លួនស្ត្រីអ្នកលេងល្បែងស៉ឺសងចំនួន ១០នាក់ បានធ្វើការដកហូតវត្ថុតាងរួមមានបៀចំនួន០៥ហ៊ូ កំរាលលេងល្បែងចំនួន០២ កាបូបស្ពាយចំនួន០៣ ទូរស័ព្ទដៃចំនួន០៦គ្រឿង ប្រាក់ចំនួន ៥,៦៣០,០០០រៀល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៥សន្លឹក៕