(ភ្នំពេញ)៖ ថ្ងៃនេះគឺជាគម្រប់១ឆ្នាំ (២២ សីហា ២០២៣-២២ សីហា ២០២៤) ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល និងបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ក្នុងនោះក៏បានផ្តោតសំខាន់លើសារៈសំខាន់ នៃការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ទៅជារដ្ឋបាលមួយ ដែលទំនើប ឆ្លើយតបបានទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គម និងការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។
នេះជាប្រសាសន៍លើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកនិងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការបណ្តុះផ្នត់គំនិត និងឥរិយាបថវិជ្ជមានរបស់បុគ្គលិក ក្នុងការបំពេញការងារ (ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំ) នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានថ្លែងថា «ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានចាត់ទុកប្រជាពលរដ្ឋ ដូចជាកូនបង្កើត ដោយបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ព្រមទាំងបានផ្តល់ជាប្រាក់ឧបត្ថម្ភ ក្នុងការសិក្សារៀនសូត្រនេះថែមទៀតមានន័យថា រាជរដ្ឋាភិបាល មិនត្រឹមតែឲ្យត្រីទេ ឲ្យទាំងសន្ទូច បង្ហាញបឹង និងរបៀបស្ទូចយកត្រីថែមទៀត»។
លោក កើត ឆែ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ចំណេះដឹង ធាតុចូលថ្មីៗទៀត ដល់បុគ្គលិក មន្ត្រីរាជការ ដើម្បីពង្រឹងសមត្ថភាពការងារឲ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការងារបំរើប្រជាពលរដ្ឋ។ លោក ឃួង ស្រេង បានយកចិត្តទុកដាក់ណាស់លើការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពរបស់មន្ត្រី ដើម្បីឲ្យមន្ត្រីរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អនិងទំនើប។
លោក កើត ឆែ បានបន្តទៀតថា ព័ត៌មានសំខាន់ណាស់ អ្វីៗ សុទ្ធតែជាព័ត៌មាន ដូចការរៀបការ ការហូបចុក ការរកស៊ី។ល។និង។ល។ សុទ្ធតែជាព័ត៌មាន នៅពេលយើងទទួលបានព័ត៌មានពិត យើងនឹងទទួលបានជោគជ័យ និងភាពរីកចំរើន។ តែបើយើងទទួលបានព័ត៌មានមិនពិត នោះយើងនឹងទទួលភាពបរាជ័យ នេះរាប់ទាំងជីវិតគូស្រករផង។ ក្រុមជ្រុលនិយម ក្រុមអគតិនៅក្រៅប្រទេស បានបំផុសបំផុលដោយយកព័ត៌មានមិនពិត ពាក់ព័ន្ធនឹងអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA ឲ្យប្រជាពលរដ្ឋយល់ច្រឡំប្រឆាំងជាមួយរដ្ឋាភិបាល ហើយអ្នកដែលជាប់គុកគឺអ្នកនៅក្នុងស្រុកនេះហើយ ទោសនេះមិនតិចជាង១០ឆ្នាំទេ។ អំពើក្បត់មនសិកា មិនបាច់ចាំជាតិក្រោយទេ។
លោក កើត ឆែ បានបន្ថែមទៀតថា ការឡើងកាន់អំណាចមិនតាមរយៈប្រជាធិបតេយ្យ បោះឆ្នោតត្រឹមត្រូវ មិនយូរទេ ប្រទេសជាតិ នឹងធ្លាក់ក្នុងភ្លក់ភ្លើងសង្គ្រាម សូមអោយរួមគ្នា រក្សាសន្តិភាពអោយបានគង់វង់ មានសន្តិភាព គឺមានអ្វីៗទាំងអស់។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យអ្នកសិក្សាយល់នូវវិធីកសាងស្មារតី ម្ចាស់ការ ដើម្បីអានុភាព និងថាមពល តាមរយៈការងារ តួនាទីខ្លួនឯង ក្នុងបច្ចុប្បន្ន និងសម្រាប់អនាគតល្អរបស់ខ្លួន៕