(កោះកុង)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលសាលាខេត្តកោះកុង និងមន្ទីរទេសចរណ៍ខេត្តកោះកុង បានផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ នៃគ្រឿងញៀនដល់មន្រ្តីរាជការ និងប្រតិបត្តិករ បុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងខេត្តកោះកុង បានចំនួន១៩ទីតាំង រួមមាន ផ្ទះសំណាក់ចំនួន៤ សណ្ឋាគារ៣ អាហារដ្ឋាន៣ ខារ៉ាអូខេ៤ ម៉ាស្សា៣ បៀរហ្គាឌិន១ ក្លឹប១ ដែលមានអ្នកចូលរួមសរុបចំនួន២៧៧នាក់ ស្ត្រី១៩៥នាក់។
ទាំងលោក ឡោ សុវិជ្ជា អគ្គនាយករងក្រសួងទេសចរណ៍ និងឧត្តមសេនីយ៍ត្រី ឈិន ភូមា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានជម្រាបជូនដល់អ្នកចូលរួមពីសភាពការណ៍គ្រឿងញៀន ផែនការលេខ ០១ ផក ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក៏ដូចជាបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល ជូនមន្រ្តីរាជការអោយចូលរួមទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក៏ដូចជាការទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug មកប្រើប្រាស់អោយបានគ្រប់ៗគ្នា App ៖ https://nodrugsnacd.com/download