(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលព័ត៌មានប្រឌិតថា និស្សិតរបស់ខ្លួនពាក់ព័ន្ធជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ហើយចូលរួមជាមួយចលនាញុះញង់។
យោងតាមសំឡេងសារភាពរបស់លោក ហៃ វណ្ណនិត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម «ខ្មែរដើម្បីជាតិ» ស្ដីពីការចូលរួមរបស់ខ្លួន ក្នុងការអនុវត្តផែនការទុច្ចរិតរបស់ ក្រុម សម រង្សី និង ហៃ វណ្ណា ដែលជាក្រុមឧទ្ទាម ក្រៅច្បាប់ ឆ្លៀតយកព្រឹត្តិការណ៍ចលាចល នៅប្រទេសបង់ក្លាដេស មកធ្វើការប្រឌិតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដើម្បីឃោសនាបោកបញ្ឆោត អូសទាញមតិសាធារណជន ដោយធ្វើការបំផុសបំផុល ញុះញង់ អុជអាល បង្កអំពើហឹង្សា វិទ្ធង្សានាបំផ្លាញ សន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនក្នុងប្រទេស ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំ រាជរដ្ឋាភិបាល។
ក្នុងសារសំឡេងនោះ បានបង្ហាញបក្ខពួកខ្លួនចំនួនពីរនាក់ដែលម្នាក់មាន ឈ្មោះ ចេង ហេង អាយុ៣៥ឆ្នាំ ជាអ្នករត់ផាសអាប់ និងម្នាក់ទៀតឈ្មោះ ចង សុខ អាយុ២៥ឆ្នាំ ថាជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពាក់ព័ន្ធនឹងករណីនេះ សាកលវិទ្យាល័យ ជាតិគ្រប់គ្រង សូមប្រកាសបដិសេធជាផ្លូវការថា បុគ្គលឈ្មោះ ចេង សុខ មិនមានក្នុងបញ្ជី និស្សិតកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងឡើយ៕