(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលអំណោយរថយន្ត Toyota Hilux Revo Rally និង Toyota Fortuner ចំនួន៣គ្រឿង ដែលទើបត្រូវបានដំឡើង ក្នុងស្រុកជាលើកដំបូង ដោយនេះគឺជាការបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងវិស័យយានយន្តរបស់កម្ពុជា។
លោក មែ ស៊ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចធិបតី បានសម្តែងនូវការពេញចិត្តចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការបើកដំណើរការរោងចក្រដំឡើងដំឡើង រថយន្តនៅកម្ពុជា និងបានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលផ្តល់អំណោយជារថយន្តទាំង៣គ្រឿងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះពិតជាបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការពង្រឹងភាព ជាដៃគូជាមួយរាជរដ្ឋាភិបាល និងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
ក្នុងនាមក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd, លោកឧកញ៉ា គង់ នួន បានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងបានផ្តល់ការគាំទ្រ ឥតឈប់ឈរដល់ ក្រុមហ៊ុន Toyota កន្លងមក និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការលើកកម្ពស់វិស័យយានយន្តនៅកម្ពុជា ព្រមទាំងជំរុញកំណើនប្រកបដោយចីរភាពក្នុងតំបន់៕