(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង១១៖០០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរលើ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យហើយ ចំពោះករណីដែលលោកបានដាក់ពាក្យប្តឹង ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ពីបទបរិហារកេរ្តិ៍។
លោក ម៉ម សូណង់ដូ បានចូលបំភ្លឺជូនដំណឹងអយ្យការអស់រយៈពេលប្រមាណ៣ម៉ោង ដើម្បីបង្ហាញភស្តុតាងជូន ព្រះរាជអាជ្ញារង លោក ស្រី ម៉ាកនី។ លោកធ្លាប់បានប្រាប់ Fresh News ឲ្យដឹងថា ចំពោះករណីនេះ លោកប្តឹងទាមទារសំណងជំងឺចិត្ត១ម៉ឺនរៀល ពីព្រះតេជគុណ ប៊ុត ប៊ុនតិញ ហើយលោក ម៉ូម សូណង់ដូ ក៏ចង់សំណូមពរតុលាការ ជំរុញឲ្យមានការផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ។
សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ បានចោទព្រះតេជគុណ ប៊ុត ប៊ុនតិញថា បានមានសង្ឃដីកាវាយប្រហារលើរូបលោកថាបានទៅសុំ លោក សម រង្ស៊ី ដើម្បីយកតំណែងតំណាងរាស្រ្តក្រោយបោះឆ្នោត ប៉ុន្តែលោក សម រង្ស៊ី មិនឱ្យ ទើបមកបង្កើតគណបក្សថ្មី។ ទោះជាយ៉ាងណាចំពោះរឿងនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ពុំបានបំភ្លឺនោះទេថែមទទួលទទួលស្គាល់នូវសង្ឃដីការបស់ព្រះអង្គទៀតផង។
នាពេលកន្លងទៅ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា ព្រះតេជគុណមិនចាប់អារម្មណ៍ នឹងការគំរាមប្តឹងរបស់ លោក ម៉ម សូណង់ដូនោះ ទេ ហើយថា អ្វីដែលព្រះអង្គធ្លាប់លើកឡើងនោះ គឺជាការបញ្ចេញមតិតែប៉ុណ្ណោះ៕