(ភ្នំពេញ)៖ លោក ប្រាក់ សម្ផស្ស ជាអ្នកសារព័ត៌មានដ៏មានទេពកោសល្យមួយរូប ដែលបានបញ្ចប់ដោយជោគជ័យនូវការសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យមហាចូឡាលុង្ករណ៍រាជវិទ្យាល័យ ប្រទេសថៃ លើជំនាញទស្សនវិជ្ជា។ លោកបណ្ឌិតបានសរសេរនិក្ខេបបទមួយស្តីពី «ទស្សនវិជ្ជានយោបាយ សម្តេចព្រះនរោត្តម សីហនុ» ជានិក្ខេបបទស្រាវជ្រាវដ៏កម្រ ពុំធ្លាប់មាននៅសាកលវិទ្យាល័យនេះកន្លងមក។
និក្ខេបបទរបស់លោកបណ្ឌិត ប្រាក់ សម្ផស្ស បានបង្ហាញនូវជ្រុងទស្សនវិជ្ជាដឹកនាំរបស់ សម្តេចព្រះបាទនរោត្តម សីហនុ ដែលបានឆ្លុះបញ្ចាំងពីគំនិតទស្សនវិជ្ជានយោបាយស្នូល ក្នុងការដឹងនាំរបស់ព្រះបរមរតនកោដ្ឋ បែបលក្ខណៈស្រាវជ្រាវវិទ្យាសាស្រ្ត ដោយស្របទៅនឹងទិសរាជធម៌ ព្រហ្មវិហារធម៌ ក្នុងគោលបំណងដើម្បីផ្សះផ្សាជាតិកម្ពុជា។ មិនតែប៉ុណ្ណោះ នៅក្នុងនិក្ខេបបទនេះ លោកបានស្រាវជ្រាវឃើញថា ទស្សនវិជ្ជានយោបាយរបស់ ព្រះបរមរតនកោត និងសម្តេចតេជោ ហ៊ុន សែន មានលក្ខណៈដូចគ្នាច្រើន ជាពិសេសលើចំណុចមួយ នោះគឺការចូលចិត្តស្និទ្ធស្នាលជាមួយសារព័ត៌មាន។
ក្រៅពីតម្កល់នៅ នៅសាកលវិទ្យាល័យមហាជូឡាឡុងកនរាជ្ជវិទ្យាល័យ ប្រទេសថៃ និក្ខេបបទថ្នាក់បណ្ឌិតរបស់ លោក ប្រាក់ សម្ផស្ស ស្តីពី «ទស្សនវិជ្ជានយោបាយ សម្តេចព្រះនរោត្តម សីហនុ» ក៏ត្រូវបានតម្កល់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា, បណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បណ្ណាល័យជាតិ, បណ្ណសារដ្ឋានជាតិនៃកម្ពុជា និងតាមបណ្ណាល័យសំខាន់មួយចំនួនទៀតផងដែរ។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ស៊ីជម្រៅ សូមទស្សនិកជនទស្សនាកិច្ចសម្ភាសទាំងស្រុងរបស់ កញ្ញា រួម ឆាដា និងលោកបណ្ឌិត ប្រាក់ សម្ផស្ស ដូចតទៅ៖