(ញូវដែលី)៖ មន្រ្តីរដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសឥណ្ឌា គ្រោងចំណាយថវិកាជិត៣០០លានដុល្លារ ក្នុងរយៈពេល២ឆ្នាំ ដើម្បីពង្រីកអាងស្តុកទឹកធម្មជាតិ ដូចជាបឹងជាដើម ហើយសាងសង់ប្រព័ន្ធបង្ហូរទឹកបន្ថែម នៅតាមទីក្រុងធំៗ រួមមានទាំង Mumbai, Chennai និង Bengaluru ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ និងសន្សំសំចៃទឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។
ក្នុងចំណោមថវិកា២៥ពាន់លានរូពីឥណ្ឌា ដែលស្មើនឹង២៩៨លានដុល្លារអាមេរិក ទីក្រុង Mumbai, Chennai, រួមទាំង Koltata ក្នុង១ទីក្រុង នឹងទទួលបានន៥ពាន់លានរូពី ខណៈទីក្រុង Ahmedabad, Hyderabad, Bengaluru ព្រមទាំង Pune នឹងទទួលបាន២.៥ពាន់លានរូពី ក្នុង១ទីក្រុង។ យ៉ាងណាមិញ មិនមានការចែងចែកថវិកាសម្រាប់ តំបន់រដ្ឋធានី Delhi ឡើយ ដ្បិតទីក្រុងទាំងនេះត្រូវបានជ្រើសរើស ដោយផ្អែកលើភាពញឹកញាប់នៃការវាយប្រហារគ្រោះទឹកជំនន់ និងការវាយតម្លៃលើទំហំខូចខាត។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់ ដែលជារឿយៗបង្កឱ្យមានមនុស្សស្លាប់ច្រើន តែងកើតមានឡើងជាប្រចាំនៅតាមទីក្រុងនៃប្រទេសឥណ្ឌា រៀងរាល់រដូវភ្លៀង ស្របពេលដែល ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស បានលុបបំបាត់វត្តមានបឹងធម្មជាតិ ហើយកាកសំណល់ច្រើនសម្បើម បានបណ្តាលឱ្យប្រព័ន្ធលូបង្ហូរទឹកជួបការកកស្ទះ។ មិនតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាក៏បានជួបបញ្ហាខ្វះខាតទឹកធ្ងន់ធ្ងរផងដែរ ជាពិសេសនៅតំបន់រដ្ឋធានី Delhi និងទីក្រុង Bengaluru ជាទីដែលកន្លែងស្តុកទឹក ដែលពីមុនមកធ្លាប់តែមានចំនួនច្រើន បានថយចុះជាលំដាប់៕