(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុងចំពោះ ឃ្លីបវីដេអូជាភាសាចិនមួយ ដែលប្រឌិតព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមថា សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
តាមរយៈសេចក្តីថ្លែងការណ៍ដោយ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះ ឃ្លីបវីដេអូជាភាសាចិនខាងលើនេះ ដែលបានចោទប្រកាន់ទាំងកម្រោល ដោយគ្មានភស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។
ក្រសួងការពារជាតិ បានចាត់ទុកថា ការប្រឌិតព័ត៌មាននេះ មានចេតនាដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុត ដែលជាទង្វើដែលមិនអាចអត់ឱនឱ្យបាន។ ជាមួយគ្នានេះ ក្រសួងការពារជាតិ នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីនាំខ្លួនក្រុមអគតិជ្រុលនិយម និងអ្នកពាក់ព័ន្ធដទៃទៀត ឱ្យមកទទួលខុសត្រូវពេញលេញចំពោះមុខច្បាប់ ឱ្យបានជាដាច់ខាត។
ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានប្រកាសប្តេជ្ញាស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្តេជ្ញាការពារ ទប់ស្កាត់ មិនឱ្យក្រុមណា ឬមជ្ឈដ្ឋានណា អាចមកបំផ្លាញសាមគ្គីផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន បានឡើយ ទោះក្នុងតម្លៃណាក៏ដោយ៕