(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអនុញ្ញាតទទួលជួបសម្ដែងការគួរសមជាមួយក្រុមការងារគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក លី យ៉ុងស៊ុក (Lee Youngseok) រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
លោក នួន ផារ័ត្ន បានស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមការងារខេត្តឃ្យុងសាងប៊ុកដូ តាមរយៈកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ជាមួយខេត្តកំពង់ធំ ដែលបានជួយជំរុញគម្រោងចលនាភូមិថ្មីឱ្យកាន់តែផុសផុលឡើង ដើម្បីជួយរួមចំណែកអភិវឌ្ឍក្នុងខេត្តកំពង់ធំឲ្យមានការរីកចម្រើន។
លោកបន្តថា បន្ទាប់ពីគម្រោងនេះទទួលបានលទ្ធផល គួរជាទីគាប់ចិត្ត តាមរយៈអភិបាលខេត្តខេត្តឃ្យុងសាងប៊ុកដូ ក៏បានជួយជំរុញគម្រោងចលនាភូមិថ្មីនេះសម្រាប់ក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះលោកបានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈលោកលី យ៉ុងស៊ុក ដល់អភិបាលខេត្តឃ្យុងសាងប៊ុកដូ រដ្ឋបាលខេត្តកំពង់ធំនិងរង់ចាំសហការ និងផ្ដល់ការចូលរួមឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តគម្រោងនេះអោយកាន់តែល្អ សូមឲ្យកិច្ចសហប្រតិបត្តិការកំពង់ធំនិងខេត្តឃ្យុងសាងប៊ុកដូ ពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍គម្រោងនេះអោយកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោក លី យ៉ុងស៊ុក បានថ្លែងអំណរគុណដល់លោក នួន ផារ័ត្ន ដែលបានចំណាយពេលដ៏មានតម្លៃផ្ដល់ឱកាសឲ្យលោកនិងក្រុមចលនាភូមិថ្មីបានចូលជួបសម្ដែងការគួរសម ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងខេត្តឃ្យុងសាងប៊ុកដូ និងខេ្តកំពង់ធំ និងសូមជូនពរលោកមានសុខភាពល្អបន្តដឹកនាំខេត្តកំពង់ធំឲ្យមានការរីកចម្រើនបន្ថែមទៀត៕