(ស្ទឹងត្រែង)៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានរៀបចំប្រជុំពិភាក្សារកវិធីសាស្រ្តពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ស្រុក ក្រុង និងថ្នាក់ខេត្ត ។ ក្រោមវត្តមាន លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក យី គឹមថាន នាយកស្តីទីអង្គការភ្លែន ប្រចាំប្រទេសកម្ពុជា និង អង្គការដៃគូ មន្ទីរអង្គភាព ជុំវិញខេត្តដែលពាក់ព័ន្ធជាច្រើនរូប។
លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំរបស់ក្រុមការងារបច្ចកទេសអនាម័យជនបទ ដើម្បីពន្លឿនស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល របស់ខេត្តនាពេលនេះ គឺមានគោលបំណងដើម្បីធ្វើការបង្ហាញរបាយការណ៍រីកចំរើនការងារផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យជនបទរបស់ស្រុក-ក្រុងទាំង៦ ក្នុងខេត្តស្ទឹងត្រែង។
នឹងធ្វើផែនការណែនាំ និងជំរុញភូមិដែលពុំទាន់បញ្ឈប់បន្ទោបង់ពាសវាលពាសកាល របស់ស្រុក-ក្រុងទាំង៤ក្នុងខេត្តស្ទឹងត្រែង តាមរយ:ការផ្សព្វផ្សាយ និងផ្តល់សម្ភារ:សម្រាប់ការសាង់សង់បង្គន់អនាម័យ (ក្រសួងបានផ្តល់ឲ្យ)។
លោក ព្រំ ចាន់ថា បានបន្តថា÷សម្រាប់ទូទាំងខេត្តស្ទឹងត្រែង នៅមានក្រុងស្រុកចំនួន៥ មិនទាន់ទទួលបាន ODF (ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល) រួមមាន៖ ក្រុងស្ទឹងត្រែង ស្រុកសេសាន ស្រុកបូរីអូរស្វាយសែនជ័យ ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង ដោយឡែកស្រុក សៀមបូក គឺទើបទទួលបាន ODFរួចហើយ ថ្មីៗកន្លងទៅនេះផងដែរ ។ ដូច្នេះអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានបន្តជំរុញ និង ចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់នៃការបន្ទោរបង់ពាសវាលពាសកាលឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនោះដែរក៏បានដាក់វិធានការ ដើម្បីចុះស្រង់ស្ថិតិនៅចំនួនជាក់លាក់អំពីស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ និងមានប្រជាពលរដ្ឋក្រីក្រប៉ុន្មានគ្រួសារដែលពួកគាត់នៅមានការខ្វះខាត ក្នុងការសង់បង្គនអនាម័យ។ និង បានស្នើសុំឲ្យអាជ្ញាធរ ឃុំ សង្កាត់ ធ្វើការផ្សព្វផ្សាយសកម្មភាពODFនេះ ឱ្យបានទូលំទូលាយដើម្បីដឹងពីចំនួនប្រជាពលរដ្ឋដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ ហើយអាជ្ញាធរឃុំសង្កាត់ត្រូវជំរុញឲ្យការកសាង និងលើកទឹកចិត្តប្រជាពលរដ្ឋ ដោយលើកឡើងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បង្គន់អនាម័យ ដែលធ្វើឲ្យពួកគាត់មានសុខភាពល្អមិនប៉ះពាល់បរិស្ថានកូនចៅមានការលូតលាស់ល្អគ្រួសារមានសុភមង្គលទាំងអស់នេះគឺជាផ្នែកមួយក្នុងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមកសាងបង្គន់អនាម័យតាមលំនៅដ្ឋានបានគ្រប់ៗគ្នា៕