(ភ្នំពេញ)៖ អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជា នាយករដ្ឋមន្ត្រី នាពេលខាងមុខ។
អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមប្រកាសជាឱឡារិកថា នេះជាព័ត៌មានមួលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ លាបពណ៌ និងបំបែកបំបាក់ផ្ទុយទាំងស្រុងពីសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា សម្តេចក្រឡាហោម គ្មានមហិច្ឆតាណាបន្តិចបន្តួចទាល់តែសោះ ក្នុងការចង់ធ្វើជានាយករដ្ឋមន្ត្រី នាពេលខាងមុខនេះទេ។ សម្តេចក្រឡាហោម នៅតែបន្តចូលរួម និងគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងបន្តជួយគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលបន្តវេននេះ សម្រាប់អាណត្តិខាងមុខៗបន្តទៀត ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។
រាល់គំនិត និងសកម្មភាពអគតិរបស់ក្រុមមាននិន្នការជ្រុលនិយមដែលបានធ្វើការផ្សព្វផ្សាយនាពេលថ្មីនេះគឺក្នុងយុទ្ធសាស្ត្រ ដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបំណងបម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ។
សម្ដេចក្រឡាហោម ស ខេង បានធ្វើការគូសបញ្ជាក់រួចហើយ និងបានធ្វើការអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយម ដែលកំពុងតែលេងល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា៖ «ការផ្សព្វផ្សាយនេះមិនមែនជាការពិត ការបោកប្រាស់ បែបប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»៕