(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ដោយសារតែការបែកបាក់ជាតិ និងភ្លើងសង្គ្រាម ធ្វើឲ្យព្រះបដិមាខ្មែរត្រូវបានគេលួច ហើយជួញដូរទៅឆ្ងាយពីទឹកដី ប៉ុន្ដែបើកម្ពុជាគ្មានសង្គ្រាមទេនោះ ក្រុមជនទុច្ចរិតក៏មិនអាចលួចយកសម្បត្តិវប្បធម៌ដូនតាខ្មែរទៅលក់បាននោះឡើយ។
ការលើកឡើងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក។ ពិធីដ៏សែនរីករាយនៃការវិលត្រឡប់របស់ព្រលឹងវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព។
ចំថ្ងៃខួប១ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ដ្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការរក្សាបាននូវស្ថេរភាព និងសន្ដិភាព ក្រៅពីការជួបជុំគ្នាប្រារព្ធពិធីផ្សេងៗរបស់ប្រជាពលរដ្ឋខ្មែរ សូម្បីតែព្រលឹងដូនតាខ្មែរដែលត្រូវបានគេលួច និងជួញដូរទៅឆ្ងាយស្រុក ក៏អាចវិលត្រឡប់មកជួបជុំវិញដូចគ្នាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រូបបដិមាខ្មែរទាំងនេះ ហេតុអីបានជាចេញស្រុកខ្មែរ? ដោយសារយើងបែកបាក់ បើសិនជាសុខសន្ដិភាព ចោរមិនអាចលួចទៅបានទេរូបប៉ុននេះ ប៉ុន្ដែនិមិត្តរូបនៃការជួបជុំគ្នានេះហើយ។ ខួប១ឆ្នាំរបស់រាជរដ្ឋាភិបាល យើងអាចរក្សាបាននូវស្ថេរភាព សន្ដិភាព សេចក្ដីសុខជូនប្រជាពលរដ្ឋនៅថ្ងៃនេះ យើងអាចប្រារព្ធពិធីនេះបានទូទាំងប្រទេស មិនមានភ្លើងសង្គ្រាម មិនមានការបែកបាក់។ យើងរួមគ្នាទទួលនូវព្រលឹងបុព្វបុរសយើងដោយស្មារតី សាមគ្គីភាព ក្រោមម្លប់សន្ដិភាព នេះជាមោទនភាពណាស់»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, វត្ថុបុរាណដែលទទួលបានមកវិញនាពេលនេះ ជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាច កាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដ នៃសម្បត្តិវប្បធម៌ទាំងនេះ។ សមិទ្ធផលនាពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយបណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកល ដើម្បីប្រយុទ្ធប្រឆាំងអំពើចោរកម្ម, ការចរាចរ និង ការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤, មានវត្ថុសិល្បៈខ្មែរសរុបចំនួន១,០៩៨វត្ថុ (ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន១៥ដូចជា៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ស្ទ័រវេស និងចិន៕