(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វត្ថុបុរាណដែលកម្ពុជាទទួលបានមកវិញនាពេលនេះ គឺជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។
សម្តេចធិបតី ថ្លែងបែបនេះ ធ្វើឡើងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិសរុបចំនួន ៧០ រូប នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ វត្ថុបុរាណ ទាំងនោះរួម វត្ថុចំនួន ១៤ រូប បានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និង៥៦ រូប ទៀត បានប្រគល់មកវិញពីអ្នកប្រមូល សមុច្ច័យឯកជននានា នៅសហរដ្ឋអាមេរិក ដែលសុទ្ធសឹងតែជាវត្ថុបុរាណខ្មែរដ៏ពិចិត្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «វត្ថុបុរាណដែលយើងទទួលបានមកវិញនាពេលនេះ ជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាច កាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។ ការទទួលបានវត្ថុបុរាណទាំងនេះជានិមិត្តរូបនៃការជួបជុំគ្នាឡើងវិញនៃព្រលឹងបុព្វបុរសខ្មែរដែលតែងតែស្ថិតនៅជាប់ជាមួយប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់ពេលវេលា។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាគឺជាបុគ្គលរបស់ជាតិ ដែលជួយប្រោះព្រំ និងព្យាបាលស្នាមរបួសផ្លូវចិត្តរបស់កម្ពុជា និងរបស់ប្រជាជនកម្ពុជាដែលបានរងគ្រោះឈឺចាប់នៅក្នុងអំឡុងសង្រ្គាមស៊ីវិលរាប់ទស្សវត្ស និងសោកនាថកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម»។
សម្តេចធិបតីមានប្រសាសន៍ថា សមិទ្ធផលនាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយបណ្តាប្រទេសនានា និង សហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកល ដើម្បីប្រយុទ្ធប្រឆាំងអំពើចោរកម្ម ការចរាចរ និង ការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។
សម្តេចធិបតីបន្ថែមថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅក្នុងយុទ្ធនាការនេះ បានបំពេញការងារយ៉ាងយកចិត្តទុកដាក់បំផុត មួយជំហានម្តងៗក្នុងការស្រាវជ្រាវ ការប្រមូលភស្តុតាង ការសម្របសម្រួល ការចចារកិច្ចសហការជាមួយភាគីនានា ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើន ក្នុងការទាមទារការបញ្ជូនត្រឡប់មកវិញនូវរតនសម្បត្តិដែលបានបាត់បង់ដើម្បីទុកជាកេរ្តិ៍ដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយសិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តនិងគុណតម្លៃនៃវប្បធម៌ អរិយធម៌ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសយើង និងដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទូទៅ។
សូមជម្រាបថា គិតចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន១០៩៨ វត្ថុ ក្នុងនោះ ៥៧១ វត្ថុ ប្រគល់ដោយសប្បុរជន និង ៥២៧ វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន ១៥ ដូចជា៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ស្ទ័រវេស និងចិន៕