(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនៃ ប្រទេសនានា និងភាគីពាក់ព័ន្ធដែលបានចូលរួមចំណែក ផ្តល់កិច្ចសហការសម្របសម្រួល និងគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស ទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផល ដ៏វិសេសវិសាលនាពេលនេះ។
ការថ្លែងអំណរគុណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងពិធី ទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក។ ពិធីដ៏សែនរីករាយនៃការវិលត្រឡប់នៃ ព្រលឹងវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងស្មារតីនេះក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមកោតសសើរ និងវាយតម្លៃខ្ពស់ជាពិសេសដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើកិច្ចការងារទាំងនេះ ក្នុងនាមជាសេនាធិការនាំមុខ ក្នុងកិច្ចការពារ ថែរក្សា លើស្ទួយវប្បធម៌ខ្មែរ។
សម្ដេចធិបតីបានថ្លែងបន្ដថា «ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រសួងកាលបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ស្ថានទូតកម្ពុជានៅក្រៅប្រទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធដទៃៗទៀត ដែលបានផ្ដល់កិច្ចសហការ និងគាំទ្រកិច្ចការងារដ៏លំបាកនេះ ជាមួយគ្នានេះខ្ញុំសូមថ្លែងអំណរគុណ ធនាគារកាលណាឌីយ៉ា និងភាគីពាក់ព័ន្ធ ដែលបានគាំទ្រជាថវិកា ជួយដល់បេសកម្មដ៏មានសារៈសំខាន់នេះ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកធ្វើឲ្យសម្រេចបាននូវសមិទ្ធិផល ដ៏វិសេសវិសាលនាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេស ដល់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិកមានដូចជា ក្រសួងកាលបរទេស, ក្រសួងសន្តិសុខមាតុភូមិ, ក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ សម្របសម្រួល និងគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងការទប់ស្កាត់ និងការបញ្ជូនត្រឡប់ មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ»។
សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា ក្រៅពីនេះសូមអរគុណ និងកោតសសើរដល់ រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលថ្មីៗនេះបានសហការយ៉ាងល្អប្រសើរ និងសម្របសម្រួល ក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្កាខ្មែរត្រឡប់មកកម្ពុជាវិញ ហើយវត្ថុចំនួន៧៦រូបទៀត នឹងត្រូវបញ្ជូនមកកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ៕