(ភ្នំពេញ)៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយ ស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ។ សម្ដេច បានថ្លែងបែបនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
បើតាមប្រសាសន៍របស់សម្ដេចធីបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជាដែលជាម្ចាស់ដើមវិញនេះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិផងដែរ។
សម្ដេចធីបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជា ដែលជាម្ចាស់ដើមវិញនោះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឲ្យគោរព មិនត្រឹមតែបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌ដល់ជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងឧត្តុងឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិផងដែរ»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាគិតចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨ វត្ថុ (ក្នុងនោះ ៥៧១ វត្ថុ ប្រគល់ដោយសប្បុរជន និង ៥២៧ វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន ១៥ ដូចជា៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ស្ទ័រវេស និងចិន។
សូមជម្រាបថា ការចរាចរ និងជួញដូរវត្ថុបុរាណ ជាបញ្ហាសកល បានកើតមានឡើងនៅតាមប្រទេសជាច្រើននៅ ទូទាំងសកលលោក ហើយដែលភាគច្រើនត្រូវបានប្រព្រឹត្តឡើងដោយមានលក្ខណៈជាប្រព័ន្ធ និងមាន ទ្រង់ទ្រាយធំប្រទាក់ក្រឡាដ៏ស្មុគស្មាញ តាមរូបភាពផេ្ទរក្លែងបន្លំប្រវត្តិ និងប្រភពដើមនៃសម្បត្តិវប្បធម៌ ដើម្បីលួចនាំចេញដោយខុសច្បាប់ឆ្លងកាត់ព្រំដែន។ ការប្រឆាំងទប់ស្កាត់ អាចមានប្រសិទ្ធភាពទៅបានលុះត្រាតែប្រទេសទាំងអស់ចាត់វិធានការរួមគ្នា ទាំងក្នុងកម្រិតជាតិ និង អន្តរជាតិ៕