(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ក្រុមហ៊ុន Chip Mong Group ក្រុមហ៊ុន Smart Axiata ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងស្ថាបនិក Gumball 3000 គឺលោក Maximillion Cooper សុទ្ធតែបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការមកដល់ប្រទេសកម្ពុជានូវព្រឹត្តិការណ៍ Gumball 3000 នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយបន្សល់ទុកនូវឥទ្ធិពលទេសចរណ៍យូរអង្វែងដល់ប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលអាចទទួលរៀបចំព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក។
* តើអ្វីជា Gumball 3000?
គួរជម្រាបថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយសហគ្រិនសញ្ជាតិអង់គ្លេស លោក Maximillion Cooper ព្រឹត្តិការណ៍ Gumball 3000 បានក្លាយជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាពកម្រិតពិភពលោក ដែលប្រារព្ធឡើងសម្រាប់អបអរសាទរទៅលើប្រណីតភាពប្លែកៗរបស់រថយន្តដែលមានសមត្ថភាពខ្លាំងក្លា ក៏ដូចជាតម្លៃខ្ពស់ៗ និងការធ្វើដំណើរផ្សងព្រេង។
* តើ Gumball 3000 មានឥទ្ធិពលខ្លាំងប៉ុនណា?
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ Gumball 3000 បានទាក់ទាញការចូលរួមយ៉ាងកុះករពីតារាល្បីៗ អ្នកមានឥទ្ធិពលក្នុងវិស័យពាណិជ្ជកម្ម និងអ្នកចូលចិត្តរថយន្តមកពីជាង៥០ប្រទេសជុំវិញពិភពលោក។ ការជួបជុំក្នុងព្រឹត្តិការណ៍ Gumball 3000 នេះ មិនមែនធ្វើឡើងសម្រាប់តែការបង្ហាញពីរថយន្តប្រណីត និងល្បឿនរបស់វាប៉ុណ្ណោះទេ តែវាក៏ជាព្រឹត្តិការណ៍ដែលបង្ហាញអំពីវប្បធម៌ និងរបៀបរបបរស់នៅរបស់អ្នកស្រឡាញ់រថយន្តជុំវិញពិភពលោក។ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ Gumball 3000 តែងតែស្វែងរកនិងជ្រើសរើសផ្លូវថ្មីៗសម្រាប់ការធ្វើដំណើររបស់ខ្លួន ហើយផ្លូវដែលបានជ្រើសរើសត្រូវតែជាផ្លូវដែលអាចផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍រំភើប និងឱកាសដ៏អស្ចារ្យសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាស្វែងយល់នូវអ្វីដែលថ្មីៗ។ លើសពីនេះ ព្រឹត្តិការណ៍ Gumball 3000 ក៏បានរួមចំណែកយ៉ាងច្រើនដល់មូលនិធិអង្គការសប្បុរសធម៌ ដោយរៃអង្គាសប្រាក់បានរាប់លានដុល្លារពីអ្នកចូលរួមនិងសប្បុរសជនទូទាំងពិភពលោកជាច្រើនឆ្នាំកន្លងមក។
* តើ Gumball 3000 ពាក់ព័ន្ធយ៉ាងណាជាមួយកម្ពុជា?
នៅឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍ Gumball 3000 នឹងបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយនាំមកជូននូវភាពរំភើបរីករាយ និងភាពទាក់ទាញដល់ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ព្រោះព្រឹត្តិការណ៍នេះនឹងធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៉ី ហើយនឹងបញ្ចប់ដំណើររបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងបង្ហាញអំពីតំបន់ទេសចរណ៍នៃប្រទេសកម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក ក៏ដូចជាណែនាំអ្នកគាំទ្រថ្មីៗឱ្យមានភាពរំភើបរីករាយក្នុងការចូលរួមធ្វើដំណើរ និងការចូលរួមបរិច្ចាគដល់មូលនិធិសប្បុរសធម៌។
* តើកម្ពុជារំពឹងអ្វីខ្លះចំពោះ Gumball 3000?
ក្រុមហ៊ុន Smart Axiata ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់ជូននូវដំណោះស្រាយសេវាកម្មឌីជីថល និងជាដៃគូទូរគមនាគមន៍ជូនដល់កម្មវីធីទាំងមូល បានចូលរួមជាមួយក្រុមហ៊ុន Chip Mong Group ដែលជាដៃគូសហការផ្ដាច់មុខក្នុងការនាំមកនូវព្រឹត្តិការណ៍ Gumball 3000 មកប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart Axiata នឹងចូលរួមដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់បទពិសោធន៍ឌីជីថលដល់អ្នកចូលរួមធ្វើដំណើរក្នុងកម្មវិធីទាំងអស់ អំឡុងពេលនៃព្រឹត្តិការណ៍ទាំងមូលដែលប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រើប្រាស់ដំណោះស្រាយសេវាកម្មឌីជីថលទំនាក់ទំនងដ៏ទំនើបដែល Smart ផ្តល់ជូនព្រឹត្តិការណ៍ទាំងមូលនឹងត្រូវផ្សព្វផ្សាយដោយទូលំទូលាយទូទាំងប្រទេសកម្ពុជា ក៏ដូចជាទៅកាន់ឆាកអន្តរជាតិ។
ជាការពិតណាស់ ក្រោមការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជា ក្រុមហ៊ុន Chip Mong Group ក្រុមហ៊ុន Smart Axiata និងស្ថាប័នពាក់ព័ន្ធនានា ការមកដល់ប្រទេសកម្ពុជារបស់ព្រឹត្តិការណ៍ Gumball 3000 នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយបន្សល់ទុកនូវឥទ្ធិពលទេសចរណ៍យូរអង្វែងដល់ប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលអាចទទួលរៀបចំព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក៕