(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ដែលមានរយៈពេល២៨ឆ្នាំ ពោលបន្ទាប់ពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព គឺមានវត្ថុសិល្បៈបុរាណខ្មែរចំនួន ១,០៩៨វត្ថុ (ក្នុងនោះ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញ ពីប្រទេសចំនួន១៥។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារ អភិរក្ស និងលើកតម្លៃបេតិកភណ្ឌ វប្បធម៌តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបានចាត់ទុកជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗ ជាច្រើនទៀតក្នុងការលើកស្ទួុយកេរ្តិ៍ឈ្មោះរបស់កម្ពុជា ឱ្យកាន់តែលេចធ្លោ ខ្ពស់ត្រដែតលើឆាកអន្តរជាតិ តាមរយៈការដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពុជា មួយចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
សម្តេចធិបតី បានបន្ថែមថា ការប្តេជ្ញាចិត្តរបស់រាជកម្ពុជានៅក្នុងការ ការពារ ការទប់ស្កាត់អំពើចោរកម្ម ការចរាចរណ៍ និងការជួញដូរខុសច្បាប់សម្បត្តិនៃវប្បធម៌ ការស្វែងរក និងទាមទារមកវិញនូវមរតកវប្បធម៌ជាតិ បានស្តែងចេញតាមការអនុវត្តច្បាប់ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ អនុសញ្ញាអង្គការយូណេស្កូ ដែលកម្ពុជាបានធ្វើសច្ចាប័ន និងកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រទេសមួយចំនួន។ ព្រមទាំងតាមរយៈកិច្ចសហការជាមួយប្រទេសនានា រួមទាំងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើននាក់ទៀត ដែលបានជួយជ្រោមជ្រែងលើកិច្ចការងារនាំយកសម្បត្តិវប្បធម៌កម្ពុជា ដែលបាត់បង់មកកម្ពុជាវិញ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នាវិមានសន្តិភាព, សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង បានអនុញ្ញាតឱ្យកម្ពុជា អាចយកនូវវត្ថុសិល្បៈខ្មែរ មកមាតុប្រទេសវិញជាបន្តបន្ទាប់ នូវសម្បត្តិបេតិកភណ្ឌ សម្បត្តិវប្បធម៌ជាតិ ដែលបានបាត់បង់កន្លងមក តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់។ល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្នកម្ពុជា កំពុងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ពីព្រោះគ្មានវិនាទីណាមួយដែលកូនខ្មែរ អាចបំភ្លេចនូវព្រលឹងដូនតាខ្មែរ និងអត្តសញ្ញាណជាតិខ្លួនឯង បានឡើយ។ គិតចាប់ពីពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន ១,០៩៨ វត្ថុ (ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន១៥ ដូចជា៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ស្ទ័រវេស និងចិន»។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាកំពុងប្រារព្ធពិធីទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិសរុបចំនួន ៧០រូប (ក្នុងនោះវត្ថុចំនួន ១៤រូប ដែលបានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និងចំនួន ៥៦រូបទៀត បានប្រគល់មកវិញពីអ្នកប្រមូល សមុច្ច័យឯកជននានានៅសហរដ្ឋអាមេរិក) ដែលសុទ្ធសឹងតែជាវត្ថុបុរាណខ្មែរដ៏ពិចិត្រ ដូចបានដាក់តាំងបង្ហាញនៅទីនេះស្រាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរដ៏ច្រើននេះ គឺជាលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមកិច្ចសហការ និងការជួយជ្រោមជ្រែងទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសតាមរយៈរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ។
សូមជម្រាបថា កម្ពុជាតែងទទួលបានជាបន្តបន្ទាប់ វត្ថុបុរាណដែលគេបានលួចយកចេញដោយខុសច្បាប់កន្លងមក។ ខណៈវត្ថុបុរាណទាំងនេះ គឺជាសម្បត្តិវប្បធម៌បុរាណខ្មែរ ដែលត្រូវបានឈ្មួញនាំចេញដោយខុសច្បាប់ អំឡុងពេលដែលកម្ពុជាជួបអសន្តិសុខ ក្នុងសម័យសង្គ្រាម។
ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យជាតិអន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជា រតនៈសម្បត្តិ របស់កម្ពុជា បន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់ជាច្រើន។ ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ដែលខ្លះបានបាត់បង់រាប់រយឆ្នាំហើយនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ៕