(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គភាពក្រោមឱវាទក្រសួង ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពក្នុងការរាយការណ៍ ភាពរលូនក្នុងការប្រាស្រ័យទាក់ទង និងឥរិយាបថក្នុងការបំពេញការងារឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈ និងសំដៅប្រសិទ្ធភាព។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រចាំខែសីហា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នាទីស្ដីការក្រសួង។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ដោយត្រូវបង្កើនការយកចិត្តទុកដាក់ និងបុរេសកម្មក្នុងកិច្ចការងារដែលនៅក្នុងបន្ទុកខ្លួន ដូចជាកិច្ចការប្រយុទ្ធប្រឆាំងជំងឺឆ្លង ដោយពិនិត្យលើកិច្ចការចត្តាឡីស័កនៅតាមច្រកព្រំដែន ការអប់រំសុខភាពលើការប្រឈមការពុលស្រា និងជំងឺឆ្លងនានាផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំបន្ថែមលើការពង្រឹងការបណ្តុះបណ្តាលបន្ថែមលើជំនាញវិជ្ជាជីវៈសុខាភិបាលដែលខ្វះខាត បន្តពន្លឿនកិច្ចការផ្តល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យសុខាភិបាល កិច្ចការកាត់បន្ថយមរណៈភាពមាតានិងទារក កិច្ចការនិយ័តកម្មសេវាឯកជនទូទាំងរាជធានី ខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូប្រកបដោយសង្គតិភាព។

លោកសាស្រ្តាចារ្យក៏បានថ្លែងអំណរគុណ និងសាទរជូនចំពោះ ថ្នាក់ដឹកនាំ ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញបេសកកម្មការងារបានល្អប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីដើមអាណត្តិមកដល់បច្ចុប្បន្នដែលមានរយៈពេលមួយឆ្នាំត្រឹមនាថ្ងៃនេះ។

លោកសាស្រ្តាចារ្យបានបង្ហាញពីទឹកចិត្តសាទររីករាយចំពោះស្មារតីរួមគ្នាពង្រឹងសមត្ថភាពស្ថាប័ន ពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងការយកចិត្តទុកដាក់ និងជាពិសេសបានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ នវានុវត្ត និងភាពច្នៃប្រឌិតដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលឱ្យបានដើរទៅមុខបានមួយជំហានធំ ដែលសមិទ្ធផលទាំងនេះបានជួយជាទុនបន្ថែម សម្រាប់ជំរុញការអនុវត្តកិច្ចការក្នុងស្ថាប័នឱ្យមានវឌ្ឍនភាព និងភាពល្អប្រសើរ និងជាគុណផលដ៏ឧត្តុង្គឧត្តមមួយក្នុងការជំរុញការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបន្តខិតខំក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕