(ភ្នំពេញ)៖ លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី បានលើកឡើងថា សភាតំបន់អាស៊ី កំពុងចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ លោក ងួន ញ៉ិលបានបន្តថា លោក មានសេចក្តីសោមនស្សរីករាយ ដែលបានទទួលស្វាគមន៍ គណៈប្រតិភូទំាងអស់ដែលបានអញ្ជើញ ចូលរួមកិច្ចប្រជុំ ដ៏មានសារៈសំខាន់ នៃគ្រួសារសភាតំបន់អាស៊ី នៅពេលនេះ។
កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ ជាកិច្ចប្រជុំដ៏សំខាន់មួយ របស់អេភីអេ ពីព្រោះថាកិច្ចប្រជុំនេះ មិនត្រឹមតែជាការជំរុញបន្តនូវកិច្ចការរួម របស់អេភីអេប៉ុណ្ណោះទេ តែក៏ជាការជំរុញដល់កិច្ចពិភាក្សាក្នុងការប្រព្រឹត្តទៅ ដ៏ជោគជ័យ នៃមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ដែលនឹងប្រារព្ធធ្វើនាចុងឆ្នាំ២០១៦នេះ។
លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ និងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ទទួលបន្ទុក បទប្បញ្ញត្តិហិរញ្ញវត្ថុ និង ការគ្រប់គ្រងបុគ្គលិកនៃ សភាតំបន់អាស៊ី នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ងួន ញ៉ិល បានគូសបញ្ជាក់ថា ចាប់តំាងពីមានការកកើត សមាគមសភាអាស៊ីដើម្បីសន្តិភាព (AAPP) នៅឆ្នាំ១៩៩៩ ហើយបានប្រែក្លាយជា សភាតំបន់អាស៊ី(APA) នៅឆ្នាំ២០០៦ និងមានបំណងចង់ប្រែ ក្លាយទៅជាសភាអាស៊ី(AP) ទៀតនោះ គឺជាឧត្តមភាព និងទស្សនៈវែងឆ្ងាយ ដែលសមាជិកអេភីអេទំាងអស់ បានស្វាគមន៍និងគំាទ្រ។ ប៉ុន្តែការងារនេះចំាបាច់ ត្រូវការពេលវេលាយូរ ធនធានមនុស្ស និងថវិកា។
ជាមួយគ្នានេះ លោក ងួន ញ៉ិល បានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមានប្រវត្តិសាស្រ្តមានវ័យចំណាស់មួយ នៅក្នុងតំបន់អាស៊ី និងបានឆ្លងកាត់បទពិសោធន៍ឈឺចាប់ នៃសង្រ្គាមរាំរៃជាច្រើន ដែលបានធ្វើ ឲ្យកម្ពុជាធ្លាក់ចុះយ៉ាងខ្លំាង ជាពិសេសនៅក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពត ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលនៅក្នុងសម័យនោះគ្មាន ទេការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ លោក បានសង្កត់ធ្ងន់ថា «កម្ពុជា បានរស់ឡើងវិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំដោយឥស្សរជន មួយចំនួន មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេច អគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ កម្ពុជាគ្មានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។ ឈរលើបទពិសោធន៍ ជាក់ស្តែងនេះ អេភីអេអាចយកជាឧទាហរណ៍មួយដែល ទំាងកម្ពុជាក៏ដូចជា ប្រទេសដទៃលើពិភពលោក និងអេភីអេ មិនចង់បានទេសង្រ្គាម។ អ្វីដែលពិភពលោកត្រូវការ នោះគឺសន្តិភាព សេរីភាព សន្តិសុខ ស្ថេរភាព សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងការភិវឌ្ឍ»។
សូមបញ្ជាក់ថា សភានៃកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ នៅខេត្តសៀមរាប ទឹកដីអង្គរ ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូឆ្នាំ២០១៦ បន្ទាប់ពី បានទទួល រៀបចំ មហាសន្និបាតលើកទី៨ នៃសភាតំបន់អាស៊ី ដោយជោគជ័យម្តងរួចហើយ កាលពីចុងឆ្នាំ២០១៥នោះ។ សភាតំបន់អាស៊ីជាស្ថាប័ន នីតិប្បញ្ញត្តិនៅក្នុងតំបន់អាស៊ីធំមួយ ដែលបច្ចុប្បន្ននេះ មានសមាជិក ចំនួន៤២ ប្រទេស។ សភាតំបន់អាស៊ី(APA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយប្រែក្លាយពីសមាគមសភាអាស៊ីដើម្បីសន្តិភាព (AAPP) ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៩៩៕