(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទីនិងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។
ការព្រមានខាងលើធ្វើឡើង កាលពីរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងជួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុក នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន។
លោកបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមថា មន្រ្តីបរិស្ថានត្រូវរួមគ្នាការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន១៧លាននាក់។ កាលណាមានការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន វាក៏បំផ្លាញមុខមាត់ក្រសួងបរិស្ថាន និងមុខមាត់របស់កម្ពុជាទាំងមូលដែរ។
«ខ្ញុំសូមក្រើនរំលឹកជាថ្មី ចំពោះមន្ត្រីរាជការមួយចំនួន ដែលមិនគោរព កាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការសាធារណៈ ហើយបើនៅតែបន្តភាពអសកម្ម ក្នុងការចាត់វិធានការច្បាប់ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ជាពិសេសការបំពុលបរិស្ថានទឹកធ្ងន់ធ្ងរ ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺអាចបញ្ឈប់ និងស្នើលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃមន្ត្រីរាជការរបស់ក្រសួង»។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែម។
កន្លងមកមន្រ្តីក្រសួងបរិស្ថានបានខិតខំយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយមានការដឹកនាំចង្អុលបង្ហាញពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើសសរស្តម៣ គឺភាពស្អាត បៃតង និងចីរភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា សុខភាពបរិស្ថាន មាន៣ គឺទី១៖ បរិស្ថានលើមេឃ, ទី២៖ បរិស្ថានលើដី និងទី៣៖ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ការបំពុលនៅក្នុងបរិស្ថានទាំង៣នេះ។
ចំពោះទី១៖ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជា មិនមានជាតិពុលទេ តាមរយៈការវាស់វែង ជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។
ទី២៖ បរិស្ថានលើដី យើងបានបើកយុទ្ធនាការផ្សព្វផ្សាយ ប្តេជ្ញាចិត្ត និងអនុវត្តដោះស្រាយផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមកាត់បន្ថយ ប្រមាណជាង៩លាន ៥សែននាក់។
លោកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិកហោះតាមផ្លូវទៀតទេ។ យុទ្ធនាការបន្ទាប់គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ទី៣៖ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គុណភាពទឹកកខ្វក់របស់រោងចក្រសហគ្រាស ធ្វើយ៉ាងណាធានាប្រភពទឹកមានបរិស្ថានល្អ។
ជុំវិញបញ្ហានេះដែរ កន្លងមកនេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីរបស់ក្រសួងបរិស្ថាន ពិសេសនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់ដំបង និងនៅកំពង់សោម តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែង និងបញ្ឈប់ពីក្របខ័ណ្ឌមន្រ្តីរាជការហើយ៕