(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍន។
លោកស្រី បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤នេះ។
លោកស្រី បានថ្លែងកោតសរសើរការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព។ លោកស្រីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាម គឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍នៅប្រទេសមួយចំនួន។
លោកស្រីរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th JCBC) ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាពមិនងាយស្រួលឡើយ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។
សម្តេចធិបតី បានអរគុណឥណ្ឌូនេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា នៅចុងទស្សវត្ស ឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំJCBC លើកទី៥។
ដោយឆ្នាំនេះគឺជាខួបលើក៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី សម្ដេចធិបតី និងលោកស្រីរដ្ឋមន្ត្រីការបរទេស បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗមួយចំនួន ដូចជា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំង ការពារជាតិនិងសន្ដិសុខ៕