(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក ស្រេង សុខាអភិបាស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់អនុសាខា ចែកជូនប្រជាពលរដ្ឋ ចំនួន ៧គ្រួសារ មនុស្សរាយ ៣៥នាក់ ក្នុងនោះស្រី១៦នាក់ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីវេលាម៉ោង១៦ និង ២០នាទីថ្ងៃទី២០ សីហា ២០២៤ ស្ថិតនៅភូមិ សំបួរមាស ឃុំស្នឹង និងភូមិ ក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនេះ លោក ស្រេង សុខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកប្រធានអនុសាខាស្រុក បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែ
លនេះជាគ្រោះ មហន្ត រាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកប្រធានបានបន្តថា ថ្វីត្បិតតែ អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មម នឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ។ ពោលគឺ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល។

លោក ស្រេង សុខា បានបន្តអំពាវនាវបន្ថែមដល់ ប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះធម្មជាតិ ដែលតែងតែកើត មានឡើងដោយមិន មានប្រាប់ឱ្យយើងដឹងមុននោះទេ ហើយក្នុងនោះជាបន្តបន្ទាប់ ក្រសួងធន ធានទឹកនិងឧតុនិយម តែងតែបានចេញសេចក្តីជូនដំណឹង អំពីការព្យាករណ៍អាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មាន ក្នុងការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។

លោកប្រធានអនុសាខា បានក្រើនរំលឹកដល់ប្រជាពល រដ្ឋ សូមយកចិត្តទុកដាក់ អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, ទឹកស៊ីអីវ ០១យូរ, ទឹកត្រី១យូរ, ទឹកសុទ្ធ០១ កេស, មី ០១ កេស ត្រីខ ១យូរ និងថវិកា៥០,០០០រៀល និងសង្ក័សីមួយចំនួន សរុប១៣៩សន្លឹកផងដែរ៕