(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានគម្រោងដើរកំសាន្ដ នៅក្រៅប្រទេសទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុស Zika ដែលកំពុងតែរាតត្បាត នៅបណ្ដាប្រទេសមួយចំនួន ដូចជាប្រទេស ថៃ សង្ហិបុរី និងប្រេស៊ីល។
លោករដ្ឋមន្រ្ដីបានថ្លែងក្នុងប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ«កម្លាំងសហគមន៍ និងនិរន្ដភាពនៃការប្រយុទ្ធនឹងជំងឺគ្រុនឈាម» នៅសាលាបឋមសិក្សាឃ្មួញ នាថ្ងៃទី២៦កញ្ញានេះ ថា «ខ្ញុំមិនហាមឃាត់ទេ គ្រាន់តែសូមក្រើនរំលឹកដល់បងប្អូនយើងទាំងអស់ ការពារគ្រប់ពេលវេលា ពេលដើរកំសាន្ដទាំងក្រៅប្រទេស និងក្នុងស្រុក ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការបើកបរ សម្អាតលំនៅឋាន កុំឲ្យមានទឹកដក់ ដោយធ្វើការកប់ ដើម្បីការពារជំងឺគ្រុនឈាម ជំងឺហ្ស៊ីកា និងជំងឺផ្សេងៗទៀត។ ជាងនេះទៅទៀតក៏ត្រូវរក្សាអនាម័យខ្ពស់ លើចំណីអាហារគ្រប់ប្រភេទផងដែរ ដើម្បីជៀសវាង ការពុលអាហារ ដូចពេលកន្លងមកថ្មីៗនេះ»។
លោករដ្ឋមន្ដ្រីថា «សម្រាប់ជំងឺគ្រុនឈាមនៅកម្ពុជាយើង ក្នុងឆ្នាំនេះមានធ្លាក់ចុះដោយក្នុងរយៈពេល៣៦សប្ដាហ៍នេះ ជំងឺគ្រុនឈាមមានចំនួនសរុប៩.៤៥០នាក់ តែទោះយ៉ាងណាក៏ដោយ ករណីស្លាប់មាន១៨នាក់ តិចជាងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ដែលមានចំនួនដល់ទៅ ៣០នាក់ក្នុងរយៈពេលដូចគ្នា» ។
លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅ ចំពោះសាលារាជធានីភ្នំពេញ និងតំណាងអាជ្ញាធរមូលដ្ឋានក្រសួងស្ថាប័ន អង្គការផ្សេងៗដែលជាដៃគូ ព្រមទាំងមន្ដ្រីសុខាភិបាលគ្រប់រូប ដែលបានខិតខំរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម ប្រកបដោយស្មារតីទទួលខុសត្រូវ ចំពោះសុខភាពរបស់ប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលបានផ្ដល់ការគាំទ្រ និងឧបត្ថម្ភយ៉ាងខ្លាំងកា្ល ដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនេះ៕