(បាត់ដំបង)៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបដិសេធការផ្សព្វផ្សាយដោយគ្មានមូលដ្ឋានថា មានការឡោមព័ទ្ធផ្ទះ និងឃុំខ្លួនសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកនៅគេហដ្ឋាន។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិត និងសម្ពោធសមិទ្ធផលនានា នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «មាន Page Samdach Seng Ratana 007 ថា ព្រឹកមិញមានការឡោមព័ទ្ធ បញ្ជាពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បញ្ជាទាហានមកព័ទ្ធផ្ទះខ្ញុំ និងសម្តេចក្រឡាហោម ៣ម៉ោងមុន។ អីចឹង បើព័ទ្ធមែន ខ្ញុំអត់បានចេញមកទេ និងគ្មានឱកាសឈរនៅទីនេះដែរ»។
បើតាមលោកឧបនាយករដ្ឋមន្ត្រី, ចំពោះទង្វើស្មោគគ្រោក ក្នុងការបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារឲ្យឈ្លោះគ្នា នៅតែដដែលៗទេ ហេតុនេះហើយលោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រុមប្រឆាំងបញ្ឈប់សកម្មភាពនេះ ហើយមករួមគ្នាកសាងជាតិវិញ៕