(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការផ្សព្វផ្សាយថា «លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV»។
សេចក្តីបដិសេធ បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សូមបដិសេធយ៉ាងដាច់អហង្ការ និងចាត់ទុកថា ការ ផ្សព្វផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត មានការរៀបចំសេណារីយ៉ូមូលបង្កាច់ ខុសការពិត ដែលមានចរិតបម្រើគោលបំណងដ៏ពិសពុលជ្រុលនិយមរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាព ផ្ទៃក្នុងយ៉ាងរឹងមាំ ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យមកលើគោលជំហររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុង ដឹកនាំប្រទេស និងការពារផលប្រយោជន៍ជាតិ និងប្រជាជន»។
ជាមួយគ្នានេះ អ្នកនាំពាក្យ អភិសន្តិបណ្ឌិត ក៏បានបញ្ជាក់ដែរថា គ្មានការឃុំឃាំងខ្លួន សម្តេចក្រឡាហោម ស ខេង និង អភិសន្តិបណ្ឌិត ស សុខា នៅក្នុងគេហដ្ឋានដូចការផ្សព្វផ្សាយនោះឡើយ ដោយសម្តេចក្រឡាហោម និង លោកអភិសន្តិបណ្ឌិត មានសិទ្ធិសេរីភាពពេញលេញក្នុងបេសកកម្មការងារបម្រើជាតិ និង ប្រជាជនជាប្រក្រតី៕