(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) បានពិនិត្យលទ្ធភាពសហការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដោយក្នុងនោះការផលិតផតខាស់ (Podcast) ផ្សព្វផ្សាយវិស័យកសិកម្មជាកិច្ចការអាទិភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបរវាង កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក Ehsan Kabir មន្រ្តីជំនាញផ្នែកទំនាក់ទំនង នៃអង្គការ FAO ក៏បានពិភាក្សាពីកិច្ចសហការផ្តោតលើការផ្សព្វផ្សាយអភិក្រមសុខភាពតែមួយដល់សាធារណជន តាមរយៈអ្នកសារព័ត៌មាន និងការរៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មាន អំពីការគ្រប់គ្រងជលផលសមុទ្រប្រកបដោយនិរន្តរភាព។ ពាក់ព័ន្ធនឹងការផលិត Podcast កញ្ញា អ៉ឹម រចនា បានណែនាំដល់មន្រ្តីជំនាញនៃអង្គការ FAO ឱ្យកំណត់យកប្រធានបទជាក់លាក់ជាការងារអាទិភាព។
ជាមួយគ្នានេះ អនុរដ្ឋលេខាធិការរូបនេះ ក៏បានផ្ដល់យោបល់មួយចំនួនដល់អង្គការ FAO ដើម្បីពិនិត្យ និងកែសម្រួលឯកសារទស្សនទាននៃការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយអភិក្រមសុខភាពតែមួយដល់សាធារណជន ក៏ដូចជាសិក្ខាសាលាផ្សព្វផ្សាយគម្រោងបច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន ដែលគ្រោងរៀបចំក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ខាងមុខ។
គួរបញ្ជាក់ថា កញ្ញា អ៉ឹម រចនា និងអង្គការ FOA នឹងជួបគ្នាម្តងទៀតដើម្បីពិភាក្សាលម្អិតពីគម្រោងនីមួយៗ មុនពេលអនុវត្តការងាររួមគ្នាជាផ្លូវការ ដើម្បីបង្កើនចំណេះដឹងដល់អ្នកសារព័ត៌មានពីវិស័យកសិកម្ម និងសុខភាពចំណីអាហារ ក្នុងគោលដៅបញ្ជូនសារត្រឹមត្រូវ និងផ្ដល់ប្រយោជន៍ទៅកាន់សាធារណជន៕