(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមអមដំណើរដោយថ្នាក់ដឹកនាំក្រសួង មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។
ការអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់លោករដ្ឋមន្ត្រីលើកិច្ចការស្តារនីតិសម្បទារបស់យុវជនពីការញៀនគ្រឿងញៀន។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់មជ្ឈមណ្ឌលផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ គឺជាកន្លែងទទួលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៧។ រហូតមកទល់ពេលបច្ចុប្បន្ននេះមានជនរងគ្រោះដោយសារគ្រឿងញៀនចំនួន ១៣,៧៤៣នាក់ (ស្រី ៨០៥នាក់) បានចូលមកទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ក្នុងនោះបានធ្វើសមាហរណកម្មចំនួន ១២,៦០៤នាក់ (ស្រី ៧៤១ នាក់) នៅសល់ជាក់ស្តែងចំនួន ១,១៣៩នាក់ (ស្រី ៦៤នាក់)៕