(តាកែវ)៖ អស់រយៈពេលជាង៣ខែហើយ ដែលជនរងគ្រោះដោយសារការរំលោភបំពានដីចំណីផ្លូវជាតិលេខ៣ នៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីសំណាក់អ្នកមានលុយនៅផ្សារថ្នល់បត់ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ដោយគ្មានអាជ្ញាធណាមួយអើពើ ឬជួយអន្តរាគមន៍អំពើការរំលោភបំពានទាំងកម្រោលនេះទេ។
ជនរងគ្រោះបានបន្តអំពាវនាវដល់ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលទើបតែងតាំងថ្មីមេត្តាជួយអន្តរាគមន៍ ពីការរំលោភបំពានធ្វើរបងបិទផ្លូវដីរបស់ខ្លួន ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់។
លោក ម៉ូន សម្បត្តិ ដែលជាម្ចាស់ដីដែលគេបានធ្វើរបងមុខដី បានថ្លែងថា អំពើរំលោភបំពានយ៉ាងកម្រោលមិនញញើតច្បាប់នេះ បានកើតឡើងអស់រយៈពេលប្រមាណ៣ខែមកហើយ ហើយលោកក៏បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធពាក់ព័ន្ធអស់ដែរ ប៉ុន្តែអាជ្ញាធបានតែសន្យាថា នឹងឲ្យអ្នករំលោភបំពាន រុះរើរបងចេញ ប៉ុន្តែជនល្មើសមិនបានរុះរើសំណង់របងចេញពីមុខដីកម្មសិទ្ធស្របច្បាប់របស់គាត់នោះទេ។ អាជ្ញាធថែមទាំងរារាំងមិនឲ្យគាត់ដាំដើមត្នោត នៅមុខដីរបស់គាត់ថែមទៀតផង។
លោក ម៉ូន សម្បត្តិ បានថ្លែងបន្តថា «ខ្ញុំស្នើសុំលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ទើបតែងតាំងថ្មីជួយរកយុត្តធម៌ដល់ខ្ញុំផង។ ដីខ្ញុំមានប្លង់កម្មសិទ្ធិស្របច្បាប់ ដែលចេញដោយមន្ទីរសូរិយោដីខេត្តតាកែវ ដែលមានព្រំកំណត់ជាប់ផ្លូវជាតិលេខ៣ ហេតុអ្វីបានជាមានគេមករំលោភបំពានសង់របងនៅមុខដីខ្ញុំទៅវិញ?»។
ពាក់ព័ន្ធរឿងរំលោភបំពាននេះ កន្លងមកលោក កេត ម៉ៅ អភិបាលស្រុកសំរោង បានប្រាប់ម្ចាស់ដីរងគ្រោះថា លោកនឹងឲ្យបុគ្គលរំលោភដីចំណីផ្លូវឈ្មោះ ងាវ តង ធ្វើកិច្ចសន្យារុះរើរបងចេញពីចំណីផ្លូវឲ្យអស់ ហើយបើមិនធ្វើការរុះរើទេអាជ្ញាធ និងចុះទៅរុះរើ។ បើទោះបីជាលោកអភិបាលស្រុក បានលើកឡើងបែបនេះក៏ដោយ រហូតមកដល់ពេលនេះ ជនរំលោភបំពានដីចំណីផ្លូវមុខដីកម្មសិទ្ធិស្របច្បាប់របស់គេនៅមិនទាន់រុះរើរបងនៅឡើយទេ ហើយអាជ្ញាធមិនមានចំណាត់ការអ្វីឡើយ។
សូមបញ្ជាក់ថា ដីដែលបុគ្គល ងាវ តង ធ្វើរបងនេះជាដីចំណីផ្លូវដែលគ្មានការទទួលស្គាល់ពីសំណាក់អាជ្ញាធរឃុំ ឬមន្រ្តីសូរិយោដីស្រុកនោះទេ គឺបុគ្គលនេះលួចធ្វើស្ងាត់ៗ ហើយបើទោះបីជាអាជ្ញាធមូលដ្ឋាន និងអាជ្ញាធស្រុកចុះមកអន្តរាគន៍ឲ្យបញ្ឈប់ការសាងសង់ និងឲ្យរុះរើក៏បុគ្គលខាងលើមិនព្រមធ្វើស្ដាប់តាមការណែនាំដែរ ហេតុដូច្នោះមានតែអាជ្ញាធរខេត្តតាកែវទេ ដែលអាចជួយអន្តរាគន៍បញ្ហានេះបាន។
លោក គឹម ណន មេឃុំបឹងត្រាញ់ខាងត្បូង ធ្លាប់បានលើកឡើងថា ដីដែលបុគ្គល ងាវ តង ទៅបោះបង្គោលថ្ននេះ ជាដីចំណីផ្លូវរបស់រដ្ឋ ហើយអាជ្ញាធឃុំមិនដែលបានបោះត្រា ឬទទួលដឹងឮពីការ ទិញដូរនោះទេ ព្រោះវាជាទង្វើខុសច្បាប់ ក្នុងការទិញលក់ដីចំណីផ្លូវរបស់រដ្ឋ។ ពាក់ព័ន្ធទៅនឹងការដាំបង្គើថ្មនេះ ខាងអាជ្ញាធរឃុំរួម និងមន្រ្តីសូរិយោដីស្រុកសំរោង បានចុះទៅហាមឃាត់ដែរ តែបុគ្គលខាងលើមិនស្ដាប់ តាមការណែនាំរបស់អាជ្ញាធនោះទេ។
ប្រធានសូរិយោដីស្រុកសំរោង លោក ហុង ឡាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «បញ្ហានេះខ្ញុំបានចុះធ្វើកំណត់ហេតុហាមឃាត់ និងបានណែនាំឲ្យ ភាគីដាំបង្គោល រុះរើបង្គោលចេញក្នុងពេលឆាប់ៗនេះហើយ»។ បញ្ហានេះខាងភាគីរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅឃុំរួចរាល់ហើយ ហើយឃុំដោះស្រាយមិនចេញ ហើយបញ្ជូនមកស្រុក ស្រុកនឹងធ្វើការដោះស្រាយបន្តទៀត៕