(សៀមរាប)៖ ក្រសួងព័ត៌មាន បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីសវនកម្ម សមិទ្ធកម្ម ដល់អ្នកជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ដើម្បីពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព ស័ក្តិសិទ្ធិ និងសមត្ថភាពនៃអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោក ហោ សុភាព រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងមានការចូលរួមពីលោក ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរព័ត៌មានទាំង២៥រាជធានី ខេត្ត ចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ហោ សុភាព បានលើកឡើងថា ការរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង អាចចាត់ទុកជាកិច្ចខិតខំប្រឹងប្រែងពង្រឹងមុខងារសវនកម្មផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ដើម្បីរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបន្ដផ្ដល់អាទិភាពលើការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព ស័ក្តិសិទ្ធិ និងសមត្ថភាព នៃអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន តាមរយៈការបន្តអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
លោកបន្តថា ចក្ខុវិស័យនៃកម្មវិធីកែទម្រង់នេះ គឺប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ, ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈមជ្ឈការ, ស្របតាមស្ដង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។
លោក ហោ សុភាព បានបន្ដថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ថវិកាជាតិសម្រាប់រដ្ឋបាលថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ ត្រូវបានប្រតិភូកម្មសិទ្ធិអំណាចជាបណ្តើរៗ រហូតពេញលេញជូនដល់អង្គភាពថវិកា ដើម្បីចាត់ចែង គ្រប់គ្រង និងទទួលខុសត្រូវដោយខ្លួនឯង។
លោកបានបន្តទៀតថា ប្រការទាំងនេះពិតជាទាមទារឱ្យមានការត្រួតពិនិត្យ និងអនុលោមភាព នោះគឺអំពីភាពសន្សំសំចៃនៃការប្រើប្រាស់ថវិកា ប្រសិទ្ធភាពនៃការអនុវត្ត និងប្រសិទ្ធផលនៃសកម្មភាព ដែលចំណុចចុងក្រោយនេះពាក់ព័ន្ធនឹងការសម្រេចបានតាមគោលបំណងរបស់អង្គភាព ឬមិនសម្រេច ឬមានវិធីផ្សេងធ្វើឱ្យទទួលបានសមិទ្ធកម្មខ្ពស់ជាង ប្រសើរជាងរួមជាមួយនឹងការរំលេចនូវបញ្ហាប្រឈម និងសំណើដំណោះស្រាយ ដែលភារកិច្ចនេះត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនអង្គភាពសវនកម្មផ្ទៃក្នុង។ គោលបំណងនៃការបង្កើនភាពសន្សំសំចៃ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តកម្មវិធី ឬអង្គភាពក្រោមឱវាទ ដែលជំរុញឱ្យសវនកម្មសមិទ្ធកម្មមានលក្ខណៈដោយឡែក និងពិសេសជាងសវនកម្មមុនៗ។
លោក ហោ សុភាព បានបញ្ជាក់ថា ក្នុងរយៈពេលពេញ១ឆ្នាំកន្លងមកនេះ នាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មាន បានចុះធ្វើការពិនិត្យ តាមដាន វាយតម្លៃហានិភ័យ និងធ្វើសវនកម្មសមិទ្ធកម្ម តាមបណ្តាអង្គភាពមួយចំនួនចំណុះក្រសួងព័ត៌មាន តាមផែនការសវនកម្មប្រចាំឆ្នាំ និងផែនការសវនកម្ម៣ឆ្នាំរំកិល២០២៣-២០២៥ ក៏ដូចជាតាមការចង្អុលបង្ហាញពីរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។
តាមរយៈរបាយការណ៍នៃការចុះធ្វើសវនកម្មកន្លងមកបានបង្ហាញថា អង្គភាពមួយចំនួននៅមិនទាន់យល់ច្បាស់នៅឡើយថាអ្វីទៅដែលហៅថា "សវនកម្មសមិទ្ធកម្ម"។ ដូចនេះសិក្ខាសាលារយៈពេល០២ថ្ងៃនាពេលនេះ នឹងផ្ដល់ឱកាសបន្ថែមដល់លោក លោកស្រីជាមន្ត្រីជំនាញដែលបានអញ្ជើញមកគ្រប់អង្គភាពចំណុះក្រសួងព័ត៌មាន ឱ្យបានស្វែងយល់បន្ថែមថា សវនកម្មសមិទ្ធកម្មជាអ្វី និងអនុវត្តដោយរបៀបណា។
លោកបន្ថែមថា ចាប់តាំងពីសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មានត្រូវបានបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន ត្រូវបានទទួលស្គាល់ថា ការអនុវត្តមុខងារនេះមានការលំបាកស្មុគស្មាញ ដោយសារវាមានវិសាលភាពធំ និងត្រូវការនូវពហុជំនាញផ្សេងគ្នានៅតាមអង្គភាពក្រោមឱវាទក្រសួង ដែលទាមទារឱ្យសវនករ ត្រូវខិតខំស្វែងយល់អំពីការងារទាំងនោះឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ មួយវិញទៀត សវនដ្ឋានមួយចំនួនអាចមិនឯកភាពលើអនុសាសន៍នៃការធ្វើសវនកម្ម ដោយសារ ការវិភាគ ការវាយតម្លៃ និងការសន្និដ្ឋាន ត្រូវបានធ្វើឡើងដោយផ្អែកលើហានិភ័យ។
ជាមួយនេះ លោកបញ្ជាក់ថា ទោះបីជាជួបនូវការលំបាកតូចធំយ៉ាងនេះក្តី ក៏លោកលើកទឹកចិត្តដល់សវនករផ្ទៃក្នុង ត្រូវបន្ដបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដូចបានកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕