(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការ UNDP ប្រចាំកម្ពុជា តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានធ្វើសេចក្ដីរាយការណ៍សង្ខេបស្តីពីស្ថានភាពសកម្មភាពមីននៅកម្ពុជា និងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។
របាយការណ៍សង្ខេបរបស់ទេសរដ្ឋមន្រ្តី បានធ្វើឡើងក្នុងកិច្ចប្រជុំមួយដែលរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងប្រព្រឹត្តទៅនៅទីស្នាក់ការ UNDP ប្រចាំកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើជាសហប្រធានដឹកនាំដោយ ប្រធាន UN ប្រចាំកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា និងក្រុមដៃគូអភិវឌ្ឍន៍ជាង ៤០ រួមមាន ធនាគារ ADB, AFD, កាណាដា, សាធារណៈរដ្ឋឆែក, EU, បារាំង, អាល្លឺម៉ង់, GGI, GIZ Germany, IFC, IKCF- Inter-Korean Cooperation Fund, ឥណ្ឌា, IMF, អៀរឡង់, ជប៉ុន, JICA, KFW, KOICA, សឹង្ហបុរី, សាធារណៈកូរ៉េ, ស៊ុយអែត, SDC, ថៃ, ទួរគី, ចក្រភពអង់គ្លេស, USAID, ធនាគារពិភពលោក, LED និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ប្រចាំកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន, ទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងបន្តគាំទ្រកាន់តែសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យប្រទេសកម្ពុជាអាចរួចចាកផុតពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិពីសង្រ្គាមដទៃទៀត ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈការរួមចំណែកក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា៕