(ភ្នំពេញ)៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងកាមរោគ ក្រសួងមហាផ្ទៃ រួមដំណើរដោយ លោក ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក នាយឧត្តមសេនីយ៍សាស្ត្រចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ NCHADS តំណាងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ព្រមទាំងថ្នាក់ដឹកនាំ និងនិស្សិត នៅបណ្ឌិតសភានគរបាលកម្ពុជា សរុបចំនួន៨៥០រូប បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្តីពី «មូលដ្ឋានគ្រឹះនៃជំងឺអេដស៍និងវិធីសាស្រ្តបង្ការទប់ស្កាត់ការឆ្លងនៃជំងឺអេដស៍» នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។
ថ្លែងក្នុងឱកាសនោះលោកស្រី អុង សុភាវី ក្នុងនាមប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគក្រសួងមហាផ្ទៃ បានលើកឡើងថា មេរោគអេដស៍/ជំងឺអេដស៍ នៅតែជាបញ្ហាប្រឈម ហើយកំពុងតែបន្តការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះវិស័យសេវាសុខភាពសាធារណៈ ហើយវានៅតែជាវិបត្តិរាំរៃ ស្មុគស្មាញដែលត្រូវការកិច្ចសហការណ៍ដោះស្រាយពីពហុភាគី ពហុស្ថាប័ន។ អេដស៍មានលក្ខណៈរីករាលដាល ហើយមានផលប៉ះពាល់ដល់គ្រប់វិស័យទាំងសេដ្ឋកិច្ច វប្បធម៌និងសង្គមកិច្ច ជាពិសេសទាញថយក្រោយនូវកិច្ចអភិវឌ្ឍន៍នានារបស់ប្រទេសជាតិទាំងមូល។
លោកស្រី បានបន្ថែមថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះគឺជាឱកាសដើម្បីចែករំលែកចំណេៈដឹងមូលដ្ឋាននៃជំងឺអេដស៍ ព្រមទាំងវិធីសាស្រ្តបង្ការថ្មីៗដែលឆ្លើយតទៅនឹងជំងឺអេដស៍។ វត្តមានរបស់អ្នកចូលរួមទាំងអស់គ្នា គឺជាតួអង្គសំខាន់ សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិរបស់យើង ព្រោះថាអ្នកចូលរួមនឹងក្លាយជាអ្នកផ្សព្វផ្សាយបន្តលើបញ្ហាជំងឺអេដស៍និងកាមរោគ។ បន្ថែមលើនេះទៀត លោកស្រី សង្ឃឹមយ៉ាងម៉ោះមុត ចំពោះអ្នកចូលរួមនឹងផ្សព្វផ្សាយបន្ត យ៉ាងហោចណាស់១នាក់ ហើយ១នាក់ដែលបានទទួលព័ត៌មាន ក៏បានបន្តផ្សព្វផ្សាយ១ នាក់ទៀត។
ដូច្នោះមូលដ្ឋានគ្រឹះនៃជំងឺអេដស៍ និងវិធីសាស្រ្តការងារត្រូវបានចែករំលែកយ៉ាងទូលំទូលាយ ដើម្បីចូលរួមសម្រេច កាត់បន្ថយអត្រានៃការឆ្លងថ្មី ព្រមទាំងអាចលើកទឹកចិត្តអ្នកផ្ទុកមេរោគអេដស៍ ហ៊ានចេញមុខទទួលយកសេវាព្យាបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីបង្កាមិនឲ្យពួកគេធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងបាត់បង់អាយុជីវិតទៀត៕