(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានចុះចែកវិញ្ញាប័ណ្ណបត្រ​សម្គាល់ម្ចាស់អចលនវត្ថុប្រមាណជាង៤000ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ មានស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលាស្រុកបន្ទាយមាស។

លោកអភិបាលខេត្តបានលើកឡើងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន​មាន​ការយកចិត្ត​ទុក​ដាក់​ខ្ពស់លើកំណែទម្រងដីធ្លី ពិសេសការពន្លឿនចេញប័ណ្ណកម្មសិទ្ធិ​ជូនពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីវិស័យ​ដីធ្លី។

លោក ម៉ៅ ធនិន ក៏បានធ្វើការផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់សូមជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ស្រុកបន្ទាយមាសមានចំនួន១៥ឃុំ ស្មើនឹង៨៨ភូមិ​ ហើយបានចាប់ដំណើរការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធចាប់ពីឆ្នាំ២០០៩។

ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ៨៨ភូមិ (ស្មើនឹង១០០%) ចុះវាស់វែងប្រមូលទិន្នន័យក្បាលដីបានចំនួន៨៣ភូមិ (ស្មើនឹង៩៤.៣១%) បិទផ្សាយរួចចំនួន៥៩ភូមិ មានចំនួន១៧២,៥៦១ (ស្មើនឹង៧៥.៥%) ចេញបណ្ណរួចមានចំនួន៥៧ភូមិ ស្នើសុំចែកបណ្ណមាន១ភូមិ មានចំនួន១,៩៩០ក្បាលដី ត្រៀមចែកបណ្ណមានចំនួន១ភូមិ មានចំនួន១,៧៩៨ក្បាលដី ត្រៀមបិទផ្សាយមានចំនួន១ភូមិ មានចំនួន១,៧៩៥ក្បាលដី កំពុងវាស់វែងមានចំនួន៣ភូមិ ឆ្លងហេដ្ឋារចនាសម្ព័ន្ធរួចមានចំនួន៧ភូមិ មិនទាន់បិទផ្សាយមានចំនួន២៣ភូមិ ចែកបណ្ណក្នុងថ្ងៃនេះមាន មានចំនួន៣ស្រុក ស្មើនឹង៤,៣៥២បណ្ណ ក្នុងនោះស្រុកបន្ទាយមាស ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច មានចំនួន១,៩៩០បណ្ណ បូករួមជាមួយបណ្ណដែលនៅសេសសល់តិចតួចតាមភូមិចំនួន១៨ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន២,៧៧៣បណ្ណ ស្រុកអង្គរជ័យ មានបណ្ណនៅសេសសល់តិចតួចតាម​ភូមិចំនួន៤៥ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន៦៥៩បណ្ណ, ស្រុកកំពង់ត្រាច មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន៤២ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន៩២០បណ្ណ៕