(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១២ខែ ចាប់ពីខែចុងខែសីហា ឆ្នាំ២០២៣ ដល់ចុងខែសីហា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យអំពីវឌ្ឍនភាព និងវាយតម្លៃសូចនាករសម្រេចបាន។
កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង ដោយឡែកទីប្រឹក្សាក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។
ក្នុងឱកាសនោះ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានរយៈពេល១២ខែ តាមកម្មវិធីអាទិភាពទាំង៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤-ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
បន្ទាប់មកលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញស្ដីពីការវិភាគ និងវាយតម្លៃលើសូចនាករសមិទ្ធកម្មក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣។ យោងតាមរបាយការណ៍របស់ លោក ផេង សំបូរ បានបង្ហាញឱ្យឃើញនៅក្នុងនីតិកាលទី៦ ក្រសួងអភិវឌ្ឍន៍ជនបទមានកម្មវិធីអាទិភាពចំនួន៤ អនុកម្មវិធី២១ និងចង្កោមសកម្មភាពចំនួន១៧៧ ដោយឡែកនៅក្នុងនីតីកាលទី៧នេះ ដើម្បីស្របទៅនឹងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រសួងបានកំណត់កម្មវិធីអាទិភាពចំនួន៥ ដោយមានអនុកម្មវិធីចំនួន៣១ និងចង្កោមសកម្មភាពចំនួន២៣៤។
បន្ទាប់ពីស្តាប់របាយការណ៍រួចមក លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចក្នុងរយៈពេលកន្លងមក ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមចំណែកឱ្យសម្រេចនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដោយផ្អែកលើបាវចនាចំនួន៥ ដើម្បីកំណើនសេដ្ឋកិច្ចខ្ពស់ បង្កើតការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ដើម្បីឱ្យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយ៉ាងសកម្មដើម្បីសម្រេចនូវចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕