(ពោធិ៍សាត់)៖ ក្រោមដំបូលសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងគោលនយោបាយប្រព័ន្ធធារាសាស្ត្ររបស់រាជរដ្ឋាភិបាល បានប្រែក្លាយខេត្តពោធិ៍សាត់ ទៅជាខេត្តដែលអាចផលិតទិន្នផលស្រូវប្រមាណជាង ៧០ម៉ឺនតោន ក្នុង១ឆ្នាំ ហើយជាង ៤០ម៉ឺនតោន ត្រូវបាននាំចេញទៅក្រៅស្រុក ខណៈនៅតំបន់ខ្លះនៃខេត្តពោធិ៍សាត់ ប្រជាកសិករអាចធ្វើស្រូវបាន ៣ដង នៅក្នុង១ឆ្នាំ។ នេះជាការឱ្យដឹងរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានថ្លែងថា កាលពីមុនគ្រាដែលមិនទាន់មានប្រឡាយដំណាក់អំពិល គឺការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋជួបការលំបាក ហើយនៅក្នុង១ឆ្នាំ អាចធ្វើស្រូវបានតែម្តងប៉ុណ្ណោះ។ ប៉ុន្តែ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រឡាយដំណាក់អំពិលនេះបានស្ថាបនារួច ដែលមានប្រវែង២១គីឡូម៉ែត្រ មានជម្រៅ៣ម៉ែត្រ បាត១៤ម៉ែត្រ ដោយភ្ជាប់ជាមួយខេត្តបាត់ដំបង។ ប្រឡាយនេះបានជួយស្រោចស្រពស្រែ ចម្ការប្រជាកសិករជាច្រើនឃុំ នៅស្រុកបាកាន។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅលើខ្នងប្រឡាយដំណាក់អំពិលថ្មីៗនេះ, លោកអភិបាលខេត្ត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «បើនិយាយជារួមពីមុននៅកន្លែងនេះអត់មានប្រឡាយសម្រាប់អន្តរាគមន៍ទឹក ឱ្យកសិកររបស់យើងបង្កបង្កើនផលបានច្រើនដងដូចពេលបច្ចុប្បន្នទេ ហើយពីមុនមកប្រជាជននៅទីនេះបង្កបង្កើនផលតាមលក្ខណៈប្រពៃណី តែបច្ចុប្បន្ននេះ គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល បានចេញមកជាបន្តបន្ទាប់ជាពិសេសផ្លូវទឹក និងបច្ចេកទេសកសិកម្ម។ ពីមុនការបង្កើតបង្កើនផល១ហិកតា បាន១.៥ ទៅ២តោន ហើយកន្លែងណា៣តោន គឺល្បីជាងគេ ប៉ុន្តែ អីឡូវនេះ គិតជាមធ្យម គឺបាន ៤៥.តោន ទៅ៨តោន ក្នុង១ហិកតា ហើយកសិករនៅជិតប្រព័ន្ធធារាសាស្ត្រអាចបង្កបង្កើនផលស្រូវបាន៣ដង ក្នុង១ឆ្នាំ»

លោក ខូយ រីដា បានបន្តថា ប៉ុន្តែ ជាយ៉ាងណាក៏នៅតំបន់មួយចំនួនក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ពុំទាន់ទទួលបានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់នៅឡើយទេ តែនៅពេលខាងមុខបន្ទាប់ពីសាងសង់ទំនប់ស្ទឹងពោធិ៍សាត់២ រួចរាល់នឹងអាចពង្រីកផ្ទៃដីបង្កបង្កើនផលរាប់ម៉ឺនហិកតា សម្រាប់វិស័យកសិកម្មបន្តទៀត។

លោកអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញជំនឿជឿជាក់ថាក្រោមដំបូលសន្តិភាពរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំកែប្រែប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ខណៈពីអតីតកាលប្រទេសកម្ពុជា ក៏ដូចជាទឹកដីខេត្តពោធិ៍សាត់ គ្មានវាសនាទទួលបានប្រឡាយទឹក ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនានាដូចពេលបច្ចុប្បន្ននេះទ។ ដូច្នេះ ការរក្សាបាននូវសុខសន្តិភាព នឹងផ្តល់ឱកាសគ្រប់បែបយ៉ាងសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

«ដោកឡែយគ្រាន់ប្រតែប្រឡាយដំណាក់អំពិលនៅរដូវវស្សា គឺអាចអន្តរាគមន៍ជួយស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ បានប្រមាណ ២ម៉ឺន ៧ពាន់ហិកតា ខណៈនៅរដូវប្រាំង អាចអន្តរាគមន៍ជួយសង្គ្រោះស្រូវបានប្រមាណ ១ម៉ឺន ៥ពាន់ហិកតា»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ខូយ រីដា។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា សម្រាប់ប្រឡាយនេះគឺមិនមែនសម្រាប់តែប្រើប្រាស់ក្នុងវិស័យកសិកម្មនោះទេ ប៉ុន្តែ បានជួយដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងសត្វពាហនៈ នៅជុំវិញប្រឡាយដំណាក់អំពិលផងដែរ។ ហើយអាងស្តុកទឹកនៅផ្នែកខាងលើជួរភ្នំក្រវាញ គឺសម្រាប់ត្រៀមអន្តរាគមន៍ចែកចាយទឹក ជា២ផ្នែករួមមានទី១៖ សម្រាប់បម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសត្វ និងទី២៖ មួយទៀតសម្រាប់វិស័យកសិកម្ម។

លោកអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សម្រាប់គ្រប់គ្រងទឹក និងបែងចែក បានរៀបចំដោយមានតម្លាភាព ត្រឹមត្រូវ ម៉ត់ចត់បំផុត។ ប្រសិនបើការបែងចែកទឹកនេះ មិនអនុវត្តតាមគោលការណែនាំតាមលក្ខណៈបច្ចេកទេសទេនោះ ការជួយអន្តរាគមន៍ទឹកនឹងមិនទទួលបានផលប្រយោជន៍ តែបែរជាបង្កបញ្ហាដល់មនុស្ស សត្វ និងស្រូវរបស់ប្រជាកសិករទៅវិញ។

លោកអភិបាលខេត្តក៏បានបង្ហើបឱ្យដឹងថា មានឧកញ៉ាម្នាក់ ដែលវិនិយោគផ្នែកវិស័យកសិកម្ម គាត់កំពុងសិក្សារៀបចំអន្តរាគមន៍ទឹក ពីទន្លេសាប ដើម្បីស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងលើខេត្តពោធិ៍សាត់។ ប្រសិនគម្រោងនេះអាចធ្វើបានវិសាលភាពទឹកសម្រាប់បង្កបង្កើនផលស្រូវនៅខេត្តពោធិ៍សាត់នឹងទទួលបានទិន្នផលខ្ពស់ជាក់ជាមិនខាន៕