(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៤។
ជាមួយគ្នានេះ បន្ទាប់ពីបានពិនិត្យ ពិភាក្សាតាមរបៀបវារៈរួចមក កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចអនុម័តដូចខាងក្រោម៖
*ទី១៖ គម្រោងចំណាយថវិការដ្ឋសភាឆ្នាំ២០២៥ ដើម្បីផ្ញើជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេចបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥
*ទី២៖ សំណើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភានៃកម្ពុជា ដោយប្រគល់ភារកិច្ចជូន គណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ
*ទី៣៖ សំណើសុំជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប សម្រាប់អាណត្តិទី៣ ជំនួសលោក អ៉ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ ដោយបានប្រគល់ភារកិច្ចនេះ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងប្រកាសជ្រើសរើសឥស្សរជន ដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ
*ទី៤៖ គោលការណ៍នៃនីតិវិធីកិច្ចទំនាក់ទំនងការងាររវាងរដ្ឋសភានៃកម្ពុជា និងរាជរដ្ឋាភិបាលនៃកម្ពុជា៕