(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងទូទាំងខេត្តកែប មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ថ្លែងបែបនេះខណៈលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអធិបតីភាពក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមក្នុងខេត្តកែបជូនដល់ព្រះសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ យុវជន សិស្សនិស្សិតប្រមាណជាង៤០០អង្គ/នាក់ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកែប។
លោកបណ្ឌិត សោម ពិសិដ្ឋ ក៏បានជំរុញដល់មន្ដ្រីរាជការ ត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាព និងគាំទ្រដល់ការអភិវឌ្ឍនានា ដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំអនុវត្តក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិមាតុភូមិ និងការពារបូរណភាពទឹកដី។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពទាំងអស់ ត្រូវផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងសមិទ្ធផលនៃការអភិវឌ្ឍន៍ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលនិតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំជាពិសេសត្រូវផ្សព្វផ្សាយ និងពន្យល់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ នឹងត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ CLV-DTA នេះ។
លើសពីនេះ ត្រូវទប់ស្កាត់ជាបន្ទាន់នូវរាល់អំពើឧបាយកលអាក្រក់ ដែលមានលក្ខណៈញុះញុង អុចអាល បំបែកបំបាក់ បង្កអសន្តិសុខ បំផ្លាញ់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងណែនាំកុំឲ្យប្រជាពលរដ្ឋលង់ជឿតាមការឃោសនា ញុះញង់ បោកបញ្ឆោតបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងបង្កើតសកម្មភាពកុបកម្ម និងចលនានានាតាមគ្រប់រូបភាព ដើម្បីបង្កើតជាបដិវត្តពណ៌ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកបានបន្តថា ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនដល់ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលខ្លួនរស់នៅ និងមូលដ្ឋានដែលជាដែនសមត្ថកិច្ចរបស់ខ្លួនទទួលខុសត្រូវ។ ដូច្នេះយើងទាំងអស់គ្នា មិនត្រូវអនុញ្ញាតឱ្យជនណា ក្រុមបក្ខពួកណា ដែលមានចេតនាបំផ្លាញ់នូវភាពរីកចម្រើន ការអភិវឌ្ឍ ភាពសុខដុមរមនារបស់សង្គមជាតិ និងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬបង្កើតបដិវត្តពណ៌លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបាននោះឡើយ៕