(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោកស្រី អ៊ឹង រីណា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅអំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។

សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់សិស្សចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សសារការី ដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ សាស្រ្តាចារ្យ និងសិស្សចៅក្រម សិស្សព្រះរាជអាជ្ញា សិស្សអាជ្ញាសាលា និងសិស្សសារការីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៕